ភ្នំពេញ ៖ ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ មិនត្រូវបានដកថយនោះឡើយ។ នៅពេលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា ការយកវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់ទាំង៤ខាងលើ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចប់វិវាទព្រំដែលរវាងប្រទេសទាំងពីរដែលបន្សល់ទុករាប់រយឆ្នាំមកហើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា តុលាការយុត្តិធម៌អន្តរជាតិសម្រេចយ៉ាងណា ក៏កម្ពុជាទទួលយកផងដែរ។
សូមបញ្ជាក់ថា កម្ពុជា ធ្លាប់បានលើកយកវិវាទទឹកដីជាមួយថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិចំនួនពីរលើក ហើយទទួលបានជោគជ័យទាំងពីរលើកផងដែរ។ លើកទី១នៅឆ្នាំ១៩៦២ ហើយលើកទី២នៅឆ្នាំ២០១៣ ពេលថៃចូលមកឈ្លានពានប្រាសាទព្រះវិហារ និងទឹកដីនៅតំបន់នោះ៕