ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា អ្នកនយោបាយខ្លះដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិ ប៉ុន្តែផ្សព្វផ្សាយព័ត៌មានបែបបំផ្លើសបំផ្លាញជាតិឯទៅវិញ ។

តាមរយៈសារខ្លីផ្តាំឲ្យជនរួមជាតិជួយគិតពិចារណាគ្នា ផ្សាយនៅលើបណ្តាញសង្គម នាថ្ងៃ១០ មិថុនា សម្តេចធិបតី បានលើកឡើងថា មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ ប៉ុន្តែនៅពេលដែលប្រទេសជាតិកំពុងប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ ។

សម្តេច ថា ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ ដើម្បីរៀបចំឡើងនិងផ្សព្វផ្សាយសម្រាប់វាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិសាសន៍ឯងទៅវិញ។

សម្តេច នាយករដ្ឋមន្រ្តី បានចោទជាសំណួរថា តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ១០ មិថុនា នេះ មានយុវជនម្នាក់ដែលជាក្រុមឧទ្ទាមបានបង្កើតព័ត៌មានបែបញុះញង់បន្ថែមទៀត ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានផលិតជាវិដេអូនិយាយបំផ្លើសពាក់ព័ន្ធវិវាទព្រំដែន ហើយក៏ត្រូវបានក្រុមប្រឆាំងចែកចាយជាបន្តបន្ទាប់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ