អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ វិច្ឆិកា
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា យានយន្តទាំងអស់ដែលធ្លាប់ចុះបញ្ជី ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធ ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់មកនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា៖ បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួល ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ។
ចំពោះយានយន្តថ្មីដែលត្រូវ ចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២សន្លឹក តាមទម្រង់ VT 001 របស់ អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់ របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តចំពោះរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នក ដំណើរ៕