ភ្នំពេញ ៖ រយៈពេល៤ខែ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ១៤៩លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានចំនួន១៤៨ ១៧៧ ៩១៩ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន ១ ៦៩១ ៥៥០ដុល្លារ។

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ជ័រកៅស៊ូមានតម្លៃ ១,៩២៦ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤៦១ដុល្លារ ក្នុង១តោន ស្មើនឹង៣១.៤៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា ឆ្នាំ២០២៥ មានតម្លៃ ២៣៣ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៩៥ ១៨៤ហិកតា ស្មើនឹង២២%។

ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។

ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជារកចំណូលបាន ពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆ្នាំ២០២៤ មានចំនួន ៦៦៦ ២៥៦ ៧៩៩ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៥ ៤២២ ៣៧៧ដុល្លារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ