ភ្នំពេញ ៖ ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៥ ! លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្តេជ្ញាការពារសុខសន្តិភាព ដែលថ្នាក់ដឹកនាំស្វែងរកបានយ៉ាងលំបាក ឱ្យបានគង់វង្សតរៀងទៅ និងប្រឆាំងដាច់ខាតមិនឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញសារជាថ្មីឡើយ។

តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា នៅថ្ងៃទី២០ ឧសភា នេះ គឺជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូប មិនអាចបំភ្លេចបាននូវការឈឺចាប់ បង្កឡើងដោយពួកបនប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ពួកខ្មែរក្រហម បានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ អស់ជាង ២លាននាក់ ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ទើរគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

នាឱកាសទិវាជាតិនៃចងចាំនេះដែរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «ខ្ញុំសូមគោរព និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធពលរដ្ឋខ្មែរ ដែលបានបាត់បង់អាយុជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យទាំងអស់ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនាមពលរដ្ឋខ្មែរជំនាន់ក្រោយ ១រូប សូមប្តេជ្ញាការពារសុខសន្តិភាព ដែលថ្នាក់ដឹកនាំស្វែងរកបានយ៉ាងលំបាក ឱ្យបានគង់វង្សតរៀងទៅ និងប្រឆាំងដាច់ខាតមិនឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញសារជាថ្មីឡើយ»។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា «ជាមួយគ្នានេះដែរ ខ្ញុំក៏អំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាជនកម្ពុជាទាំងអស់ សូមបន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែសម្បូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ