រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជាង ១.១លានដុល្លារ សម្រាប់ការអភិវឌ្ឍគ្រូបង្រៀនអប់រំកាយដែលមានគុណភាព ការជួយកុមារ និងយុវជន នៅកម្ពុជា
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ១,១៨២,៦៥៨ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់ គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ដោលោក អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ។
ថវិកានេះសម្រាប់អនុវត្តគម្រោងរួមមាន៖
ទី១៖ គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី៣) (ថវិកាចំនួន ៦១៨,០៨៦ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស (HoG)។
ទី២៖ ការជួយកុមារ និងយុវជនដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC) ក្នុងខេត្តបន្ទាយមានជ័យ (ថវិកាចំនួន ៥៦៤,៥៧២ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការកុមារឥតព្រំដែន។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៦០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕