ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានឱ្យដឹងថា ពលករខ្មែរ កំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសថៃ បានទទួលរងការព្រមាន ការប្រមាថមាក់ងាយ ការរើសអើង ជាដើម ធ្វើឱ្យពលករបង្ខំចិត្ត ត្រូវចាកចេញពី ប្រទេសថៃ និងវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ យ៉ាងច្រើនកុះករ។

ការលើកឡើងរបស់ លោកស្រី ជូ ប៊ុនអេង នាឱកាសអញ្ជើញចូលរួមក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្ម សាសនា នៅកម្ពុជា ជាសក្តានុពលក្នុងការប្រឆាំង អំពើជួញដូរមនុស្ សគ្រប់ទម្រង់ នាសម័យបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧបនាយកមន្រ្តីរដ្ឋមន្រ្តី ស សុខា ក្រសួងមហាផ្ទៃ ប្រធាន គ.ជ.ប.ជ និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

លោកស្រី ជូ ប៊ុនអេង បានថ្លែងថា អ្វីដែលជាការគួរឱ្យកត់សម្គាល់ ដែលកើតមានឡើងក្នុងឆ្នាំ២០២៥ នេះ គឺការកើតឡើងនូវទង្វើអមនុស្សធម៌ ទៅលើពលករកម្ពុជាដែលបាន និងកំពុងរស់នៅ និងធ្វើការយ៉ាងសកម្ម នៅក្នុងប្រទេសថៃ ក្រោយពីមានបញ្ហា ជម្លោះប្រដាប់អាវុធនៅព្រំដែន កម្ពុជា ថៃ និងឈានដល់សង្គ្រាមគម្រាមកំហែងសុវត្ថិភាពប្រជាពលរដ្ឋ បានធ្វើឱ្យ ប្រជាពលរដ្ឋនាំគ្នាភៀសខ្លួនមកនៅក្នុងជំរំភៀសសឹក ប្រមាណជិតម្ភៃម៉ឺននាក់។

លោកស្រី គូសបញ្ជាក់ថា «នៅឯប្រទេសថៃឯណោះវិញ ពលករដែលបាន និងកំពុងស្នាក់នៅ និងធ្វើការទីនោះ បានទទួលរងការព្រមាន ការប្រមាថមាក់ងាយ ការរើសអើង កេងប្រវ័ញ ការប្រើអំពើហិង្សា បណ្តេញចេញ យ៉ាងអាណោចអធម ដែលធ្វើឱ្យពលករបង្ខំចិត្ត ត្រូវចាកចេញពី ប្រទេសថៃ និងវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ យ៉ាងច្រើនកុះករតាមច្រកព្រំដែន ជាពិសេសច្រកដូង ក្នុងស្រុក កំរៀង ខេត្តបាត់ដំបង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមួយចំនួន ចេញតាមច្រកព្រំខេត្ត ប៉ៃលិន និង ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាដើម»។

លោកស្រី រដ្ឋលេខាធិការ បន្ថែមថា គ្រាន់តែរយៈពេល ត្រឹមប្រាំសប្តាហ៍ចុងក្រោយនេះ ចំនួនប្រជាពលរដ្ឋ ដែលជាង ៧០% ជាពលករ បានវិលត្រឡប់មកវិញ ជាង ៩០ម៉ឺននាក់ រួចហើយ។ ការវិលត្រឡប់នេះ ក៏ត្រូវបាន ធ្វើឡើងដោយលំបាក ពោរពេញដោយការភ័យខ្លាច និងរំខាន ដោយមិនមានគិតគូរពីបញ្ហាមនុស្សធម៌ ចំពោះស្ត្រី មានផ្ទៃពោះ កូនតូច ជនចាស់ជរា ឬមានជំងឺ មានពិការភាព អ្វីឡើយ។

លោកស្រី រដ្ឋលេខាធិការ បន្ថែមទៀតថា ស្ថានភាពទាំងនេះ គឺ បណ្តាលមកពីទង្វើ អសីលធម៌ អមនុស្សធម៌ និងមិនគោរពសិទ្ធិមនុស្ស ដែលពលករមិនអាចស៊ូទ្រាំ នឹងទទួលយកបាន។ ក្នុងស្ថានភាព ដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវទទួលរ៉ាប់រងក្នុងការទទួលដោះស្រាយ ជីវភាព ការអប់រំ ស្តារ នីតិសម្បទា កាត់បន្ថយវិបត្តិផ្លូវចិត្តរបស់ពលករ ព្រមទាំងបង្កើត និងបង្កើនការងារ មុខរបរ អាជីវកម្ម សេវាកម្ម ជូន ប្រជាពលរដ្ឋ ជាពិសេស ពលករដែលវិលត្រឡប់ តាមកម្រឹតនៃសេចក្តីត្រូវការ ឱ្យបានទាន់ពេលវេលា ដើម្បី បញ្ចៀសឱ្យបាន នូវភាពប្រថុយប្រថាន តាមការអូសទាញរបស់ជនល្មើស ដែលនាំឱ្យរងគ្រោះ ជាថ្មី ដោយអំពើ ជួញដូរ កេងប្រវ័ញ្ច និងរំលោភបំពាន ដោយអមនុស្សធម៌៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ