ភ្នំពេញ ៖ ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១០ មិថុនា, លោក Emmanuel Macron ប្រធានាធិបតីបារាំង បានលើកឡើងថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជា ក្នុងវិស័យបោសសម្អាតមីន ខណៈរដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក Emmanuel Macron ប្រធានាធិបតីបារាំង ក្នុងឱកាសដែល សម្ដេច អញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួប, លោក ប្រធានាធិបតី បារាំង បានគូសបញ្ជាក់ថា លោកនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ លោក ប្រធានាធិបតី បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ លោកប្រធានាធិបតី ដែលបានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយដែលបានជួបឯកឧត្តមប្រធានាធិបតីជាថ្មីទៀត។ សម្តេចបវរធិបតី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានាធិបតី ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦។ ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ”។
សម្តេចបវរធិបតី និងលោក ប្រធានាធិបតីបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌ ជាដើម។
លោក ប្រធានាធិបតី នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោក ប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា «ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជាក្នុងវិស័យបោសសម្អាតមីន។ រដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា»។
ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចបវរធិបតី និងលោកប្រធានាធិបតីបានពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ៕