ភ្នំពេញ ៖ អាកាសចរស៊ីវិលកម្ពុជា បានប្រកាសឱ្យជើងហោះហើរ ដែលហោះរំលងប្រទេសកម្ពុជា កម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិស ត្រង់ចំណុច ដែលមានទំនាស់រវាងកម្ពុជា-ថៃ។

ក្រោយសង្គ្រាមកម្ពុជា-ថៃ បានផ្ទុះឡើងដែលបង្កឡើងដោយភាគីថៃ ជាអ្នកបើកការឈ្លានពានមកលើកម្ពុជាមុននោះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា គិតមកដល់ម៉ោង ១០ និង ០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ស្ថានភាពការតភ្ជាប់ជើងហោះហើរកម្ពុជា-ថៃ គឺនៅមិនទាន់មានការប្រែប្រួលទេ ប៉ុន្តែសម្រាប់ជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១គីឡូម៉ែត្រ ត្រូវវាងផ្លូវហោះហើរ ទៅហោះផ្លូវផ្សេងជំនួសវិញ។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ការតភ្ជាប់ជើងហោះហើរកម្ពុជា-ថៃ រវាងភ្នំពេញ-បាងកក និង បាងកក-ភ្នំពេញ មិនទាន់មានការប្រែប្រួលទេ រីឯការហោះហើរតភ្ជាប់ទីក្រុងបាងកក-សៀមរាប ក៏មិនមានការប្រែប្រួលដូចគ្នាដែរ គឺនៅរក្សានៅដដែល ដោយបច្ចុប្បន្នកម្ពុជាយើងបាននិងកំពុងតាមដានសភាពការណ៍ជាបន្តបន្ទាប់យ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសស្ថានភាពទូទៅនៃវិស័យដឹកជញ្ជូននេះ។

លោកថា «ដោយឡែកសម្រាប់ជើងហោះហើររំលងប្រទេសកម្ពុជា យើងបានដឹងហើយថា កម្ពុជាមានបន្ទាត់ផ្លូវពីរហោះហើររំលងប្រទេសកម្ពុជាដែលស្ថិតនៅតំបន់ទំនាស់។ ជុំវិញបញ្ហានេះ អាកាសចរស៊ីវិលកម្ពុជាបានចេញសេចក្តីប្រកាសមួយ ដើម្បីបញ្ជាក់ដល់ក្រុមហ៊ុនជើងហោះហើរទាំងឡាយណាដែលហោះក្រោមកម្ពស់ ១១គីឡូ ត្រូវតែផ្លាស់ប្តូរទិសនៃការហោះហើរទៅលើផ្លូវផ្សេងជំនួសវិញ។ ប៉ុន្តែសម្រាប់ជើងហោះហើរដែលហោះនៅកម្ពស់ខ្ពស់ជាង ១១គីឡូម៉ែត្រ ពុំចាំបាច់ធ្វើការហោះហើរផ្លាស់ប្តូរទិសតាមផ្លូវដែលមានជម្លោះនោះទេ»។

លោកបានបញ្ជាក់ថា «នៅផ្លូវអាកាសរបស់កម្ពុជាយើងនេះ គឺមានយន្តហោះមួយចំនួនហោះលើសកម្ពស់ ១១គីឡូ និងមួយចំនួនទៀត ហោះក្រោមកម្ពស់ ១១គីឡូ អញ្ចឹងយន្តហោះទាំងឡាយណាហោះក្រោមកម្ពស់ ១១គីឡូ ចាំបាច់ត្រូវដូរទិសនៃការហោះហើរ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ