ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថា ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ  លោក បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ដ្រី ស សុខា គូសបញ្ជាក់ថា «ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅតែម្ដង ខ្ញុំសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ»។ 

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។ 

ក្នុងពេលជាមួយគ្នានេះ លោក សូមអំពាវនាវដោយទទូច សូមបងប្អូនជនរួមជាតិ ដែលធ្វើដំណើរតាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនផ្ទាល់ រួមទាំងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ