ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសរង់ចាំធ្វើការជិតស្និទ្ធជាមួយលោក អនុទីន នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

សម្តេចមហាបវរធិបតី បានគូសរំលេចបែបនេះក្នុងលិខិតអបអរសាទរផ្ញើជូនលោក អនុទីន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ។ 

ក្នុងសារលិខិតនោះ សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចថាកម្ពុជា និងថៃ ជាប្រទេសជិតខាងគ្នាដោយភូមិសាស្ត្រ និងជាសមាជិកអាស៊ាន។ សន្តិភាព ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងវិបុលភាពរវាងប្រទេសទាំងពីរ គឺជាក្តីប្រាថ្នារបស់ប្រជាជនទាំងពីរ។ អាស្រ័យហេតុនេះ សម្តេចមានសង្ឃឹមយ៉ាងមុតមាំថា ជាមួយការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងទំនាក់ទំនងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនទាំងពីរនឹងទទួលបាននូវភាពរុងរឿង និងរីកចម្រើនប្រកបដោយសុខដុមរមនា និងសប្បាយរីករាយ។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យមានភាពប្រក្រតីភាពឡើងវិញ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមគ្នារវាងព្រះរាជាណាចក្រយើងទាំងពីរឱ្យទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាព»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ