ប្រមុខក្រសួងមហាផ្ទៃ ៖ បើអ្នកបើកបរមិនល្មើសល្បឿន នគរបាល ក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួន ក៏មានសុវត្ថិភាពដែរ
ព្រៃវែង ៖ លោឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាល ក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួន ក៏មានសុវត្ថិភាពដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីនៃទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំជាចំហ និងបានបញ្ជាក់អំពីការរង់ចាំមើលការអនុវត្តរបស់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំងអធិការដ្ឋាន និងស្នងការដ្ឋាន លើបញ្ហានេះ ដោយប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យសិក្សាអនុវត្តការងារនេះឱ្យសកម្មជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីធានាថា សិស្សដែលធ្វើដំណើរទៅទទួលការអប់រំពិតជាបានគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពពួកគេ និងជាការបង្ហាញអំពីគំរូនៃការចាប់ផ្ដើមគោរពច្បាប់ ចាប់ពីពេលពួកគេទទួលបានការអប់រំ។
ចេញពីការគិតគូរអំពីសុវត្ថិភាព និងការអនុវត្តច្បាប់ក្នុងចំណោមសិស្សានុសិស្ស លោឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានគូសបញ្ជាក់ថា ជារៀងរាល់ព្រឹក លោក តែងតែយកចិត្តទុកដាក់តាមដាននូវរបាយការណ៍ពីស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំងអស់អំពីសុវត្ថិភាពចរាចរណ៍របស់កម្មករ កម្មការនីដែលធ្វើដំណើរតាមមធ្យោបាយរថយន្តជាក្រុមៗ និងដែលភាគច្រើនជារថយន្តដឹកកម្មករ កម្មការនីលើសចំនួនកំណត់។
ក្នុងន័យនេះ លោឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញ លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្រ្តីនគរបាលចរាចរណ៍យកចិត្តទុកដាក់លើការសម្រួលសុវត្ថិភាពចរាចរណ៍ដល់រថយន្តដឹកកម្មករ កម្មការនីនាពេលព្រឹកប្រលឹម និងបន្តអប់រំណែនាំដល់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករ កម្មការនី ពិសេសអ្នកបើកបរ គោរពច្បាប់ គិតគូរលើសុវត្ថិភាព និងលក្ខណៈបច្ចេកទេសរថយន្ត ខណៈការវ៉ាជែង និងបើកបរលើសល្បឿន តែងតែជាមូលហេតុចម្បងនៃគ្រោះថ្នាក់។
បន្ថែមលើនេះ ការបើកបរលើសល្បឿនកំណត់ លោឧបនាយករដ្ឋមន្ត្រី ស សុខា នៅតែទទូចសូមឱ្យប្រជាពលរដ្ឋដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ មេត្ដាគិតគូរឡើងវិញថាតើមូលហេតុអ្វីបានជាសមត្ថកិច្ចធ្វើយ៉ាងដូច្នេះ។ បើតាម លោឧបនាយករដ្ឋមន្ត្រី ស សុខា នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាលក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួនក៏មានសុវត្ថិភាព។
សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ដោយធ្វើការពិន័យសរុបចំនួន២៥.០២៣គ្រឿង និងបានដកហូតផ្លាកលេខយានយន្តមិនប្រក្រតីជាង៧០គូ។ សមត្ថកិច្ចក៏បានត្រួតពិនិត្យជាតិអាល់កុលពេលយប់ រកឃើញអ្នកបើកបរក្រោមឥទិ្ធពលស្រវឹងចំនួន៤.៧១៦នាក់ អនុវត្តតាមនីតិវិធី។
ក្នុងរយៈពេលដដែលនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៧៣០លើក បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ថយចុះ៣០៤លើក។ គិតពីខែមករា ដល់ខែមេសាឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន៤៧៩នាក់ និងរបួស១.០១១ នាក់ បើធៀបនឹងឆ្នាំ២០២៤ បានថយចុះ៤២៨នាក់៕