សម្ដេចក្រឡាហោម ស ខេង ៖ ជាប្រផ្នូលល្អ សម្រាប់អ្នកបម្រើការងារក្នុងអគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ព្រោះដំណើរការសាងសង់មិនមានគ្រោះថ្នាក់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ជាប្រផ្នូលល្អមួយ សម្រាប់អគារដ្ឋបាលក្រសួងមហាផ្ទៃថ្មី និងអ្នកបម្រើការងារទាំងអស់ បន្ទាប់ពីដំណើរការសាងសង់មិនមានជួបគ្រោះអ្វីមួយ ហើយដំណើរការសាងសង់មានភាពរលូនផងដែរ។
នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍រីករាយបានជួបសំណេះសំណាលជាមួយក្រុមហ៊ុនសាងសង់ និងកម្មករ-កម្មការិនី សារជាថ្មី ដែលកំពុងសាងសង់នូវអគាររដ្ឋបាលក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ទោះបីថា សំណង់ជិតបញ្ចប់ក៏ដោយ ប៉ុន្ដែ សម្ដេច សង្ឃឹមជឿជាក់ថា សម្ដេច នឹងមានឱកាសដើម្បីជួបជាមួយ ក្រុមហ៊ុនសាងសង់ និងកម្មករ-កម្មការិនី សារជាថ្មីម្ដងទៀត។
ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ គណៈកម្មាធិការដឹកនាំការសាងសង់អគារទីស្ដីក្រសួងមហាផ្ទៃថ្មី ដែលមាន ឯកឧត្តម សក់ សេដ្ឋា ជាប្រធាន ។ ជាមួយគ្នានេះ សម្ដេច ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយមានការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាព ដោយសម្រេចបានបេសកម្ម ដ៏ឧត្តុងឧត្តមរបស់ខ្លួន ក្នុងការសាងសង់នូវអគារនេះ។
សម្ដេចតេជោ បញ្ជាក់ថា មកដល់ពេលនេះ សាងសង់បាន៨០% ហើយ បើប្រៀបធៀបជាមួយនឹងកិច្ចសន្យា ទន្ទឹមនឹងនោះ គុណភាពសំណង់ក៏ល្អ ទោះបីសាងសង់លឿនក៏ដោយ ប៉ុន្ដែគុណភាពសំណង់រឹងមាំ ដោយមានការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ ហើយជាពិសេសទៅទៀត សុវត្ថិភាពជាចំបង ទៅដល់កម្មករទាំងអស់។
សម្ដេចក្រឡាហោម បន្ថែមថា ទាំងនេះ បានបង្ហាញឱ្យឃើញជាឆន្ទះរបស់កម្មករ-កម្មការិនី ដែលបានយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ស្ដាប់តាមការណែនាំរបស់ក្រុមហ៊ុន ហើយអនុវត្តការងារដោយប្រុងប្រយ័ត្ន ជាពិសេសបំពាក់ឧបករណ៍សុវត្ថិភាព នេះហើយគឺជាជោគជ័យធំ នៃការសាងសង់អគារដ្ឋបាលក្រសួងមហាផ្ទៃដ៏ល្អ គឺជាជោគជ័យមួយផ្នែកដែលរួមចំណែកជាមួយរាជរដ្ឋាភិបាល ព្រោះសំណង់នេះ នឹងប្រើប្រាស់យូរអង្វែង។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «សូមចាត់ទុកថា ការការពារសុវត្ថិភាព បានទាំងស្រុងនេះ ក៏ជាជោគជ័យ ជាប្រផ្នូលល្អមួយ សម្រាប់អគាររដ្ឋបាលក្រសួងមហាផ្ទៃ សម្រាប់អ្នកបម្រើការងារក្នុងនេះ ទៅអនាគត មានអារម្មណ៍ល្អ សប្បាយរីករាយ។ បើកាលណា មានរបួស មានស្នាម ជាពិសេស មានការបាត់បងជីវិត កម្មករ-កម្មការិនី សម្បីតែម្នាក់ អ្នកធ្វើការងារនៅទីនេះ មានអារម្មណ៍មិនសូវជ្រះស្រឡះ របស់ខ្លួន ដូច្នេះនេះជាផ្នែកមួយចិត្តសាស្ដ្រផងដែរ»៕