ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ក្រុមហ៊ុនប៊ូយ៉ុងផ្ដល់ថវិកាមកប្រទេសកម្ពុជា សម្រាប់បញ្ជាទិញរថយន្ដក្រុង ១ពាន់គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការកកសន្ទះផងដែរ។ 

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នាពេលកន្លងទៅ ក្រុមហ៊ុនប៊ូយ៉ុង ក៏បានផ្ដល់រថយន្ដ ២០០គ្រឿង មកឲ្យកម្ពុជាផងដែរ។ 

សម្ដេច គូសបញ្ជាក់ថា «ខ្ញុំ ដល់ឱកាសប្រធានក្រុមហ៊ុនប៊ូយ៉ុង ចូលជួបពិភាក្សា ដោយសារកន្លងទៅ ក្រុមហ៊ុនប៊ូយ៉ុង បានប្រគល់ឲ្យសាលារាជធានីភ្នំពេញនូវក្រុង ២០០ក្រុង អញ្ចឹងដោយឃើញប្រសិទ្ធភាព នៃរថយន្ដក្រុង ហើយយើងបានប្រើប្រាស់ ក្នុងរយៈពេលកន្លងទៅ ជាពិសេសយើងដឹកមនុស្សជាង ៥ម៉ឺននាក់ ក្នុងពេលចូលឆ្នាំ ហើយដឹកដោយសុវត្ថិភាព។ អញ្ចឹងទេ កាលពីម្សិលមិញ គាត់ទៅជួបខ្ញុំ គាត់សុំផ្ដល់រថយន្ដក្រុង ១ពាន់គ្រឿងថែមទៀត»។


សម្ដេច បន្ដថា ក្រុមហ៊ុនប៊ូយ៉ុងផ្ដល់រថយន្ដ ១ពាន់គ្រឿងនេះ គឺក្រុមហ៊ុនសុំចាត់ចែកបម្រើតាមបណ្ដាលខេត្តនានា របស់ប្រទេសកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការសន្ទះចរាចរណ៍ផងដែរ។ លើសពីនេះ សម្ដេច បានឲ្យដឹងថា «ក្រុមហ៊ុនប៊ូយ៉ុង ក៏ផ្ដល់ជាថវិកាសម្រាប់ឲ្យកម្ពុជា បញ្ជាទិញរថយន្ដក្រុង ១ពាន់គ្រឿង»។

សម្ដេច បានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើកិច្ចការងារនេះជាមួយ ក្រុមហ៊ុនប៊ូយ៉ុងផងដែរ។ សម្ដេច បញ្ជាក់ទៀតថា ក្រុមហ៊ុន សន្យាថា ៥ឆ្នាំក្រោយ រថយន្ដ ១ពាន់គ្រឿងនេះ នឹងក្លាយជាឡានអ៊ីត្រូសែន ដូច្នេះ កម្ពុជា នឹងកាន់តែទាន់សម័យផងដែរ។

សម្ដេច នាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ក្រុមហ៊ុនយ៉ុង ក៏មិនយកប្រាក់ចំណេញពីស្រុកខ្មែរឡើយ ដើម្បីទុកជួយពង្រីកការងារនៅស្រុកខ្មែរផងដែរ។ ជាងនេះទៅទៀត សម្ដេច ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុន បើកសាកលវិទ្យាផ្នែកសុខាភិបាលនៅកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ