សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់កងកម្លាំងនគរបាលគ្រប់រូប បន្ដយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ ដើម្បីសម្រេចបានបំណងប្រាថ្នារួម គឺការពារសន្តិភាព
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ។
តាមរយៈសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥) សម្តេចបវរធិបតី បានលើកឡើងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាកំពុងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ស្វាហាប់ ប្រកបដោយ ការរីកចម្រើនលើគ្រប់វិស័យ ឈានទៅសម្រេចបាននូវគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នាឆ្នាំ២០៣០។
សម្តេចបវរធិបតី បន្ដថា ប្រទេសជាតិស្ថិតក្នុងស្ថានភាពសន្តិភាពពេញបរិបូរណ៍ និងរក្សាបាននូវឯករាជ្យភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ ជាពិសេសខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានធានា បណ្តាគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ទាំងអស់ ក៏ដូចជា ព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ ព្រមទាំងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ត្រូវ បានរៀបចំឡើងប្រកបដោយសុវត្ថិភាព កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានលើកតម្កើងនៅលើ ឆាកអន្តរជាតិ ជីវភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធូរធារ សេចក្តីសុខខាងផ្លូវចិត្ត និងផ្លូវកាយ ក៏ត្រូវបាន ធ្វើឱ្យប្រសើរឡើងជាលំដាប់។
សម្តេចបវរធិបតី គូសបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ទាំងអស់នេះ ព្រមទាំងសូមថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និងជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត»។
ជាមួយគ្នានេះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ឆ្នាំ២០២៥នេះ សភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងនូវបញ្ហាប្រឈមមួយចំនួន ជះឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ សភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីដ្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែក្នុងបរិបទដែលមានការគំរាមកំហែងនៃប្រភេទ បទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។
សម្ដេច នាយករដ្ឋមន្ដ្រី បានមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្តីភាព របស់កងកម្លាំងនគរបាលជាតិ និងសូមសម្តែងនូវការពេញចិត្ត បន្តជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព៕