ភ្នំពេញ ៖ កម្ពុជារំពឹងថានឹងទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេស បន្ដងើបឡើងក្នុងរង្វង់ ១១.៨%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស-GDP) ក្នុងឆ្នាំ២០២៣នេះ និង១១.៧% នៃផ.ស.ស ក្នុងឆ្នាំ២០២៤ ដោយសារតែការបន្តងើបឡើងនៃទំនុកចិត្តវិនិយោគ និងបរិយាកាសវិនិយោគកាន់តែអំណោយផលរបស់កម្ពុជា។

យោងតាមសារាចរស្ដីពី ការរៀបចំផែនការយុទ្ធសាស្រ្ដថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បានឲ្យដឹងថា ឆ្នាំ២០២២ ផ.ស.ស របស់កម្ពុជា មានជាង ២៩ប៊ីលានដុល្លារ ហើយផលិតផលក្នុងស្រុក សម្រាប់មនុស្សម្នាក់ៗមាន ១៧៨៤ដុល្លារ។


សារាចររបស់រាជរដ្ឋាភិបាលបានឲ្យដឹងដូច្នេះថា «រំហូរវិនិយោគផ្ទាល់ពីបរទេសត្រូវបានរំពឹងថា នឹងបន្តងើបឡើងក្នុងរង្វង់១១.៨ភាគរយនៃ ផ.ស.ស. សម្រាប់ឆ្នាំ២០២៣ និងក្នុងរង្វង់១១.៧ភាគរយនៃផ.ស.ស. សម្រាប់ឆ្នាំ២០២៤ ដោយសារការបន្តងើបឡើង នៃទំនុកចិត្តវិនិយោគក្នុងបរិការណ៍នៃ ការផ្លាស់ប្ដូរកាន់តែលឿននៃខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់សកល ជាមួយនឹងបរិយាកាសវិនិយោគកាន់តែអំណោយផលរបស់កម្ពុជា»។


ក្រៅពីភាពល្អប្រសើរទាំងនេះ វិនិយោគិនក៏ទទួលបាននៅអត្ថប្រយោជន៍ជាច្រើន ដោយសារការដាក់ចេញ និងអនុវត្តនូវច្បាប់ស្តីពីវិនិយោគនៃកម្ពុជា និងការបន្តធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ និងមុតស្រួច ពិសេសការកាត់បន្ថយថ្លៃដើមធ្វើធុរកិច្ច។

កត្តាទាំងនេះបង្ហាញជាលទ្ធផលយ៉ាងច្បាស់ថា ទុនបម្រុងអន្តរជាតិសរុបត្រូវបានប៉ាន់ស្មានថា នឹងបន្តកើនឡើងដល់ប្រមាណ ១៨ ៦៩២លានដុល្លារ ដែលធានាការនាំចូលបានប្រមាណ ៦.៦ខែ សម្រាប់ឆ្នាំ២០២៣ និងដល់ប្រមាណ ១៩ ៩១៣ លានដុល្លារ ដែលធានាការនាំចូលបានប្រមាណ ៦.៣ខែ សម្រាប់ឆ្នាំ ២០២៤៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ