លោក Shigeru Ishiba ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនជំនួស លោក Fumio Kishida
ជប៉ុន៖ សមាជិកសភាជើងចាស់ លោក Shigeru Ishiba ត្រូវបានជ្រើសតាំងនៅថ្ងៃសុក្រនេះដោយគណបក្សប្រជាធិបតេយ្យសេរី (LDP) ឲ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោក Ishiba បានចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពចំនួន៨រូបផ្សេងទៀតសម្រាប់តំណែងជាប្រមុខបក្ស ដោយនេះគឺជាការប្រកួតប្រជែងជាលើកទី៥ និងជាលើកចុងក្រោយរបស់លោកផងដែរ។
ការជ្រើសតាំងថ្មីនេះ ធ្វើឡើងដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក Fumio Kishida ដែលបានប្រកាសពីការលាលែងកាលពីខែសីហាកន្លងទៅ។ ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Kishida ធ្វើឡើងបន្ទាប់ពីបែកធ្លាយរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងគណបក្ស LDP ទាក់ទិននឹងការកឹបកេងលុយដែលរៃអង្គាសបានរបស់បក្ស ហើយឈានដល់ការចាប់ខ្លួនមន្ត្រីជាប់ពាក់ព័ន្ធប៉ុន្មាននាក់ កាលពីខែមករា។
ប្រធានថ្មីនៃបក្ស LDP នឹងត្រូវបង្រួបបង្រួមការបែកបាក់នៅក្នុងបក្ស ហើយដោះស្រាយបញ្ហាដែលទំនងជាកើនឡើងបន្ថែមទៀតដោយសារវិបត្តិសេដ្ឋកិច្ចជប៉ុនសព្វថ្ងៃ ព្រោះការធ្លាក់នៃលុយយ៉េន ក៏ដូចជាការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន៕