ក្នុងករណីបើករថយន្ដដេញបុករថយន្ដស្ត្រីម្នាក់ និងចុះវាយលើស្ត្រីរងគ្រោះបណ្ដាលឲ្យរងរបួសកាលពីយប់ថ្ងៃទី១ ខែឧសភា នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនស្ត្រីដៃដល់ពីរនាក់ដែលបង្កហិង្សា ខណៈបុរសដៃដល់ម្នាក់ទៀតកំពុងគេចខ្លួន។ បើតាមមន្ត្រីនគរបាល ស្ត្រីទាំងពីរនាក់បានប្រើអំពើហិង្សាដោយចេយនាដោយស្ថានទម្ងន់ទោស ដោយប្រើដំបងមូល និងដៃវាយលើស្ត្រីរងគ្រោះ។

តាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ត្រីរងគ្រោះជាអតីសង្សាររបស់ប្ដី បានរងរបួសជាច្រើនកន្លែង និងខូចខាតរថយន្តមុខក្រោយទាំងស្រុង។

ប្រភពដដែលបន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងឈ្មោះ អ៊ឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងករណីនេះបណ្ដាលរថយន្ត១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយទាំងស្រុង ដោយសារជនសង្ស័យជាបក្ខពួក១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ