ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនី នៃក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយសរុបចំនួន ១៣២គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសកម្ពុជា នាពេលកន្លងទៅ គឺជាមោទកភាពយ៉ាងក្រៃលែងរបស់ក្រសួងមហាផ្ទៃ។

តាមរយៈសារលិខិតអបអរសាទររបស់ សម្ដេចក្រឡាហោម ស ខេង ជូនចំពោះ ដល់ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ មន្រ្តីបច្ចេកទេស និងកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ឧសភា បានឱ្យដឹងថា សម្ដេចក្រឡាហោម សូមសម្តែងនូវសេចក្តីរំភើបរីករាយ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនីទាំងអស់ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែល ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ។


សម្ដេចក្រឡាហោម បន្ដថា លទ្ធផលនៃការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយសរុបចំនួន ២៨២ គ្រឿង ក្នុងនោះកីឡាករ កីឡាការិនី នៃក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយសរុបចំនួន ១៣២គ្រឿង រួមមាន៖ មេដាយមាស ៣៥គ្រឿង មេដាយប្រាក់ ៣៤គ្រឿង និងមេដាយសំរឹទ្ធ ៦៣គ្រឿង ដោយបាន រួមចំណែកជួយឱ្យកម្ពុជាឈរនូវលេខរៀងទី៤ នៃតារាងចំណាត់ថ្នាក់ក្នុងការប្រកួត។

សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា «សមិទ្ធផល ទាំងនេះ គឺជាមោទកភាពយ៉ាងក្រៃលែងរបស់ក្រសួងមហាផ្ទៃ ដែលកីឡាករ កីឡាការិនីទាំងអស់បាន ឆ្លៀតពេលពីការបំពេញភារកិច្ចស្នូលរបស់អង្គភាពក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយបានខិតខំយកអស់កម្លាំងកាយចិត្ត និងការប្ដេជ្ញាខ្ពស់ប្រឹងប្រែង ហ្វឹកហាត់រហូតទទួលបានជោគជ័យជូនសង្គមជាតិ និងក្រសួងមហាផ្ទៃ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ