ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បង្ហាញការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការឈ្លានពានដោយគិតព្រាងទុកជាមុន និងដោយចេតនា វាយប្រហារមកលើប្រទេសកម្ពុជារបស់យោធាថៃ ខណៈការប្រើអំពើហិង្សានេះ និងការប្រើប្រាស់គ្រាប់បែកចង្កោម ដែលថៃខ្លួនឯងបានទទួលស្គាល់នោះ បានបង្កជាមហន្តរាយមនុស្សធម៌ មកលើប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជា។

សេចក្តីប្រកាសរបស់អាជ្ញាធរមីននាថ្ងៃ២៧ កក្កដា នេះបានឲ្យដឹងថា អ្វីដែលគ្រប់គ្នាបាននិងកំពុងតែមើលឃើញនៅពេលនេះ គឺមិនមែនជាជម្លោះយោធានោះទេ ប៉ុន្តែជាការបង្កសោកនាដកម្មដល់ប្រជាជនស្លូតត្រង់ ស្ត្រី កុមារ ព្រះសង្ឃ និងកសិករ។ ក្នុងរយៈពេល៧២ ម៉ោង ចុងក្រោយនេះ មនុស្សបានរបួសនិងបាត់បង់ជីវិត និងផ្ទះសម្បែង ទ្រព្យសម្បត្តិ និងទីសក្ការៈបូជាត្រូវបានបំផ្លាញ ត្រូវនិងឆេះខ្ទេចខ្ទី។ ប្រាសាទព្រះវិហារដែលមានតម្លៃជាសកលសម្រាប់មនុស្សជាតិ ជាបេតិកភណ្ឌ ពិភពលោក ជានិមិត្តរូបនៃដួងព្រលឹងសន្តិភាព និងជាអត្តសញ្ញាណជាតិកម្ពុជា ត្រូវទទួលរងផលប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារនេះ។ 

អាជ្ញាធរមីនគូសបញ្ជាក់ថា “វាគឺជាការឈឺចាប់បំផុតរបស់ប្រជាជាតិ ហើយវានឹងបន្តដល់មនុស្សជំនាន់ក្រោយ” ។

អាជ្ញាធរបានរៀបរាប់ពីការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃថា គ្រាប់បែកចង្កោមដែលថៃខ្លួនឯងបានទទួលស្គាល់ថាបានប្រើប្រាស់ គឺជាអាវុធដ៏ព្រៃផ្សៃបំផុត ដែលប្រើប្រាស់នៅក្នុងសង្គ្រាម។ គ្រាប់បែកចង្កោមទាំងនេះ មិនត្រឹមតែបង្កសោកនាដកម្មនាពេលបច្ចុប្បន្ន នោះទេ តែនឹងបន្តនៅពាសពេញផ្ទៃដីរបស់កម្ពុជា និងបន្តបង្កសោកនាដកម្មដល់មនុស្សនាពេលអនាគត ព្រោះនៅពេលដែលគ្រាប់បែកនេះធ្លាក់មក នឹងបែកចេញជាគ្រាប់តូចៗជាច្រើន ស្រោចស្រពទៅលើវាលស្រែ សាលារៀន មណ្ឌលសុខភាព វត្តអារាម និងទីតាំងប្រាសាទនានា។ គ្រាប់ទាំងនេះ នឹងមិនបាត់ទៅវិញឡើយ ទោះបីជាសង្គ្រាមបានបញ្ចប់ក៏ដោយ ហើយនឹងក្លាយជាស្រមោលដ៏សែនឃោរឃៅនៃសង្គ្រាម ដែលបន្តគំរាមកំហែងដល់ប្រជាជន។ ក្នុងនោះនឹងបង្កគ្រោះថ្នាក់ដល់ជីវិតកសិករ នៅពេលដែលពួកគេត្រលប់ ទៅប្រើប្រាស់ដីរបស់ខ្លួនវិញ និងគ្រោះថ្នាក់ដល់ជីវិតកុមារ នៅពេលដែលពួកគេលេងនៅជុំវិញផ្ទះរបស់គេ ហើយក៏នឹងបន្តធ្វើឲ្យសហគមន៍ទាំងមូលរស់នៅក្នុងភាពភ័យខ្លាច៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ