ក្រសួងសុខាភិបាល រៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAMES) លើកទី៣២ ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្រ្គោះបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAMES)នាពេលខាងមុខ ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទពាក់ព័ន្ធ និងមានការចូលរួមពីមូលដ្ឋានសុខាភិបាលឯកជនមួយចំនួន ដើម្បីរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់។
នៅក្នុងផែនការមានមន្ទីរពេទ្យជាតិចំនួន០៧ រួមមាន មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មន្ទីរពេទ្យមិត្តខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពាំរមាតានិងទារក។
ដោយឡែកមន្ទីរពេទ្យបង្អែកខេត្តមានចំនួន០៤ ក្នុងនោះមានខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប។ ចំពោះក្រុមគ្រូពេទ្យសរុបចំនួន៨៣៣នាក់ នៅរាជធានីភ្នំពេញចំនួន៤៥៧នាក់។
រថយន្តគិលានសង្គ្រោះចំនួន១១៤គ្រឿង នៅរាជធានីភ្នំពេញចំនួន៧២គ្រឿង, រថយន្តគ្លីនិកចល័តចំនួន៩គ្រឿង នៅរាជធានីភ្នំពេញ៦គ្រឿង និងតង់សុខភាពចំនួន១១តង់ នៅរាជធានីភ្នំពេញចំនួន៧តង់។ ក្នុងករណីប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃនៅតាមទីតាំង ឬអាចទាក់ទងតាមទូរស័ព្ទដែលក្រសួងបានប្រកាសជូន។ យ៉ាងណាមិញ ក្រសួងនឹងធ្វើបច្ចុប្បន្នភាពទីតាំងផ្តល់សេវាសុខភាព និងសង្គ្រោះបន្ទាន់តាមស្ថានភាពជាក់ស្តែង។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ឬស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នឹងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលរួមទស្សនាការប្រកួតកីឡា នៅពហុកីឡាដ្ឋានជាតិមរតកតេជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ៕