សម្ដេចតេជោ ហ៊ុន សែន ៖ គុណបំណាច់ ឪពុក-ម្ដាយ មិនអាចបំភ្លេចញបាន ហើយការចង់ឈ្នះឆ្នោត ដោយភ្លេច ឪពុក-ម្ដាយ ក៏មិនមែនជារឿងល្អ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការចង់ឈ្នះឆ្នោត ដោយបំភ្លេចចោល ឪពុក-ម្ដាយ គឺមិនមែនជារឿងល្អ និងគុណធម៌ សលីធម៌ របស់មនុស្សឡើយ។
សម្ដេចតេជោ លើកឡើងបែបនេះ ក្រោយពី សម្ដេច សម្រេចជ្រើសយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃបុណ្យខួប នៃមរណភាពបិតារបស់សម្តេច ដោយស្របពេល កម្ពុជា នឹងរៀបចំយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ។
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី ២៥ឆ្នាំ នៃមរណៈភាពរបស់មាតា សម្ដេច ហើយក៏ជាខួបលើកទី ១០ឆ្នាំ នៃមរណៈភាពរបស់បិតា សម្ដេច និងជាខួប ១០០ឆ្នាំ នៃថ្ងៃកំណើតរបស់បិតា សម្ដេច ផងដែរ។
សម្ដេចតេជោ មានប្រសាសន៍ថា «ដូច្នេះកូនចៅ នឹងធ្វើពិធីជុំគ្នាតែម្ដង ដោយមានការធ្វើពិធីខួប ១០ឆ្នាំ នៃរមណៈកាលរបស់ឪពុក (ឪពុកសម្ដេច) និងខួបទី ២៥ឆ្នាំ នៃរមណៈកាលរបស់ម្ដាយ (ម្ដាយសម្ដេច) និងខួប ១០០ឆ្នាំ នៃកំណើតរបស់ឪពុករបស់ខ្ញុំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ពិតមែនហើយពេលនោះ យុទ្ធនាការបោះឆ្នោតប្រព្រឹត្តទៅ ក៏ប៉ុន្ដែរឿងបោះឆ្នោត គឺជារឿងមួយ តែគុណបំណាច់របស់ ឪពុក-ម្ដាយ គឺមិនអាចបំភ្លេចបានទេ ការចង់ឈ្នះឆ្នោតដោយបំភ្លេចចោល ឪពុក-ម្ដាយ គឺមិនមែនជារឿងល្អ និងគុណធម៌ សលីធម៌ របស់មនុស្ស ដូចជា ករុណា ខ្ញុំ និងភរិយា នោះទេ»។
ឆ្លៀតឱកាសនោះ សម្តេច នាយករដ្ឋមន្ដ្រី ប្រកាសថា អាណាចក្ររីកចម្រើន ធ្វើឱ្យវិស័យពុទ្ធចក្រ ក៏មានការរីកចម្រើន។ សម្ដេច ថា ប្រជាពលរដ្ឋមានជីវភាពធូរធា ចង្ហាន់សម្រាប់ព្រះសង្ឃក៏បបូរផងដែរ រួមទាំងសទ្ធាជ្រះថ្លា កសាងទីអារាមផងដែរ៕