រដ្ឋមន្ដ្រីការបរទេសខ្មែរ ៖ តាមរយៈមូលនិធិពិសេស មេគង្គ-ឡានឆាង កម្ពុជា ទទួលបានទឹកប្រាក់ជាង ២០លានដុល្លារ ដើម្បីកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងឲ្យដឹងថា តាមរយៈមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ ពីគម្រោងចំនួន៦៧ មានទំហំទឹកប្រាក់ជាង ២០លានដុល្លារអាមេរិក ដើម្បីការកាត់បន្ថយភាពក្រីក្រ និងគាំទ្រសកម្មភាពផ្សេងៗទៀត ។
តាមរយៈសារលិខិតក្នុងឱកាសអបអរសារទរ ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា កិច្ចសហការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង នៅក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមក បានអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រក្សាបានសន្ទុះអភិវឌ្ឍន៍ ជំរុញសេដ្ឋកិច្ចបំពេញបន្ថែម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌ ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការ កសាងសហគមន៍មួយឱ្យកាន់តែបើកចំហ ប្រកបដោយបរិយាបន្ន និងចីរភាព និងមានអនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាព។
លោក ប្រាក់ សុខុន ក៏មានសេចក្តីរីករាយផងដែរ ដោយបានឃើញការបំពេញបន្ថែម នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាមួយនឹងយន្តការ អនុតំបន់មេគង្គដទៃទៀត ជាពិសសកិច្ចសហប្រតិបត្តិការអេកម៉ិក និងមហាអនុតំបន់មេគង្គ ក្នុងការជំរុញការផ្លាស់ប្តូរអនុតំបន់ និងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន៦៧ ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង ២០លានដុល្លារអាមេរិក ដោយបានគាំទ្រសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ជាដើម»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ