ភ្នំពេញ ៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះទៅបង្ក្រាបចលនាប្រមូលផ្ដុំ បំផុតបំផុលក្រុមអនាធិបតេយ្យប្រមាណជា ២៩៥នាក់ ឲ្យចូលទន្រ្ទានកាន់កាប់ដីរដ្ឋ ក្នុងដែនឧទ្យានជាតិភ្នំក្រវាញខាងត្បូង នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមសេក្ដីប្រកាសព័ត៌មានរបស់ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាថ្ងៃទី១៣ មីនា បានលើកឡើងថា «ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានដឹកនាំកម្លាំងសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និងសមត្ថកិច្ច បរិស្ថាន ចុះទៅបង្ក្រាបចលនាប្រមូលផ្ដុំ បំផុសបំផុលក្រុមអនាធិបតេយ្យប្រមាណជា ២៩៥នាក់ ស្រី១១៣នាក់ ឲ្យចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ស្ថិតនៅចំណុចគីឡូ១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង»។

 

មន្ទីរបរិស្ថាន បានបន្ដថា ក្នុងនោះដែរ នៅថ្ងៃទី១៣ មីនា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានដឹកនាំកម្លាំងធ្វើការណែនាំប្រជាពលរដ្ឋទាំងនោះថា «ដីដែលបងប្អូនកំពុងតែធ្វើសកម្មភាពកាប់ឆ្ការនេះ គឺជាដីរបស់រដ្ឋ សូមបងប្អូនបញ្ឈប់សកម្មភាពរុករាន កាន់កាប់ដោយខុសច្បាប់ជាបន្ទាន់»។

មន្ទីរបរិស្ថាន បានរៀបរាប់ថា ក្រោយពីបានណែនាំពួកគាត់ពុំបានស្ដាប់ឡើយ ក្នុងនោះ ក្រុមការងារ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាមេខ្លោងចំនួន ១០នាក់ និងបានដកហូតវត្ថុតាងមាន៖ ចបកាប់ ចំនួន១, ចបជីក ចំនួន៥ដើម, ញញួរ ចំនួន០៣ដើម ពូថៅ ចំនួន១៨ដើម, ដែកគាស់ ចំនួន២, ដែកគោល ចំនួន៥គីឡូ, កាំបិតផ្គាក់ ចំនួន២៣ដើម, កាំបិតតូច ចំនួន៣, តង់ ចំនួន៤, រថយន្ត ចំនួន៤គ្រឿង និងម៉ូតូ ចំនួន២គ្រឿង និងបានកំពុងបំពេញនីតិវិធីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលជាប់ព្រំប្រទល់រវាងភូមិសាស្ត្រខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ កន្លងមកសកម្មភាពបទល្មើស រុករាន កាប់ឆ្ការព្រៃ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុព័ទ្ធ កាន់កាប់ជាកម្មសិទ្ធិ ដោយខុសច្បាប់ ស្ថិតក្នុងតំបន់ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានសមត្ថកិច្ច ចុះអនុវត្តវិធានការទប់ស្កាត់ជាបន្តបន្ទាប់។

លើសពីនេះទៀត យោងលើច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៦ និងមាត្រា ៦២ បានចែងថា ជនសង្ស័យណាដែលធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១៥លានរៀល ទៅ ១៥០លានរៀល ចំពោះបុគ្គលប្រព្រឹត្ត ជានីតិបុគ្គល នឹងត្រូវពិន័យជាប្រាក់ពី ១៥០លានរៀល ទៅ២៥០លានរៀល ។ វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ