សម្ដេចតេជោ សង្កេតឃើញថា ការបង្ក្រាបបទល្មើសនេសាទ និងព្រៃឈើ នាពេលកន្លងមក បានត្រឹមអ្នកចែវទូកតូចៗ និងអ្នកកាប់អុស
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាដាច់ណាត់ឲ្យកងកម្លាំងធ្វើការជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ និងអភិបាលនៃបណ្តាខេត្តជុំវិញតាមដងទន្លេសាប ត្រូវបង្ក្រាបបទល្មើសនេសាទធំៗនៅទន្លេសាប ព្រោះការបង្ក្រាបរបស់សមត្ថកិច្ចកន្លងមក បានត្រឹមអ្នកចែវទូកតូចជាមួយមងធម្មតា ខណៈការបង្ក្រាបព្រៃឈើក៏បង្ក្រាបមិនចំឈ្មួញឈើធំៗនោះទេ ។
ក្នុងពិធីបិទសន្និបាត បូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អស់លោករាយការណ៍ ថាបង្ក្រាបបានបទល្មើសនេសាទ តែបង្ក្រាបបានតែអាតូចៗទេ មិនទាន់បង្ក្រាបបានអាធំៗ ។ បទល្មើសព្រៃឈឺដូចគ្នា»។សម្តេចតេជោ បានបញ្ជាក់ទៀតថា «អស់លោកបង្ក្រាបតែអ្នកចែកទូក ដាក់មងតូចៗ អត់ទាន់បានបង្ក្រាបប៉ះអាធំ ១តោន ២តោនត្រីទេ »។
សម្តេចតេជោ បានបន្ថែមទៀតថា ការបង្ក្រាបឈើ បង្ក្រាបតែអ្នកកាប់អុស អាអ្នកកាប់ឈើធំៗបង្ក្រាបមិនទាន់ត្រូវទេ។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាថា អស់លោកជាអភិបាលខេត្តមានសិទ្ធអំណាចហើយ ម៉េចចេះតែបណ្តោយ អស់លោកមិនធ្វើ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា រឿងសំខាន់ដែលខ្ញុំចេញបទបញ្ជាថ្ងៃនេះ គឺការបំផ្លាញធនធានត្រីនៅបឹងទន្លេសាប។ សម្តេចតេជោ បញ្ជាក់ថា មានគេរាយការណ៍ខ្ញុំ អំពីបទល្មើសនេះ ខ្ញុំបានប្រាប់ទៅអភិបាលខេត្ត តែខេត្តថា ចាប់អត់បាន រត់លឿនពេក។
សម្តេចតេជោ បានបន្តថា ក្រសួងណាក៏ទាមទារយកអំណាចដែរ មានន័យថា តែងទាមទារសុំដាវពី នាយករដ្ឋមន្រ្តី តែអស់លោកអត់កាប់ទេ ពេលកាប់ឱ្យ នាយករដ្ឋមន្រ្តី អ្នកកាប់វិញ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ