សម្តេចក្រឡាហោម ស ខេង ក្រើនរម្លឹកដល់មន្ត្រីរដ្ឋបាលសាធារណៈ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការបែងចែកនិន្នាការនយោបាយ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើការណែនាំនិងក្រើនរម្លឹកដល់មន្ត្រីរដ្ឋបាលសាធារណៈ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការបែងចែង ឬរើសអើងនិន្នាការនយោបាយអ្វីជាដាច់ខាត ប៉ុន្តែបើយើងជាសមាជិកគណបក្សណាមួយ យើងធ្វើអ្វីដែលជាផលប្រយោជន៍គណបក្សមួយ នោះជារឿងមួយដោយឡែក ។
សម្តេចក្រឡាហោម ស ខេង បានក្រើនរម្លឹកបែបនេះ ក្នុងពិធីកាត់ខ្សែបូរណ៍សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាសាលាមត្តេយ្យសិក្សាអេឌីនិងហាប៊ីសេន មួយកន្លែង ស្ថិតនៅភូមិអន្លក់កោង ឃុំឈើទាល និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាល័យ ចំនួន១ខ្នង កម្ពស់២ជាន់ និងសមិទ្ធផលនានាក្នុងវិទ្យាល័យសម្តេចក្រឡាហោម ស ខេង កន្ទឺ២ ស្ថិតក្នុងភូមិចម្ការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា «បើយើងជាមេឃុំ ក្រុមប្រឹក្សាឃុំ ជំទប់ ស្មៀន មេភូមិ អ្នកដឹកនាំភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុស្តិ៍សុខភាព គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត គឺជាមន្ត្រីមុខងារសាធារណៈ ជារដ្ឋបាលសាធារណៈ ឬជាមន្ត្រីសាធារណៈ យ៉ាងណាមិញវិស័យអភិវឌ្ឍន៍ ដូចជាសាលារៀន ផ្លូវថ្នល់មន្ទីរពេទ្យ ទំនប់ប្រឡាយទឹក អណ្តូងទឹកស្អាត ជាដើម គឺបម្រើឱ្យផលប្រយោជន៍ទាំងអស់គ្នា ដោយគ្មានការបែងចែកអ្វីឡើយ»។
សម្តេចក្រឡាហោម បានលើកឡើងទៀតថា កាលពីអតីតកាល បាណន់ ជាស្រុកមួយ ដែលមានការប្រទាញប្រទង់គ្នាដ៏ស្រួចស្រាវ ដែលកម្ពុជា បានឆ្លងកាត់សង្រ្គាមអស់ជាច្រើនឆ្នាំ ហើយសង្រ្គាមនេះបានបំផ្លាញសមិទ្ធផលផ្សេងៗរបស់ជាតិអស់គ្មានសល់ ហើយធនធានមនុស្ស ក៏ត្រូវបានបំផ្លាញទាំងស្រុងផងដែរ តែក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ កម្ពុជាមានឱកាសកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ដោយត្រូវចាប់ផ្តើមតាំងពីចំណុចសូន្យ រហូតមកដល់ពេលនេះមានការអភិវឌ្ឍគ្រប់វិស័យ ។
ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការសង្រ្គោះប្រជាពលរដ្ឋចេញពីជំងឺកូវីដ១៩ ប្រៀបបាននឹងការសង្រ្គោះប្រជាពលរដ្ឋចេញពីរបបប៉ុល ពត ដែរ ។
សម្តេច បានបន្តថា ការសង្រ្គោះប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩ គឺត្រូវធ្វើដោយគ្មានការបែងចែក គ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ព្រោះយើងជាអាជ្ញាធររដ្ឋបាលសាធារណៈ ត្រូវទទួលខុសត្រូវសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅដោយមិនមានការបែងចែក៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ