ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០២១ ភាគីវៀតណាមបោះតង់ និងសង់រោងក្រោមហេតុផលធ្វើប៉ុស្ដិ៍សង្កេតការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ឃ្លាតពីខ្សែបន្ទាត់ពំ្រដែនចម្ងាយ ១៥ម៉ែត្រ ទៅ១៥០ម៉ែត្រ ចំនួន៣៦៩តង់។

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ លោក ប៉ោ ភក្តិ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងឆ្នាំ២០២១ សកម្មភាពមិនប្រក្រតីតាមតំបន់ព្រំដែនបង្កឡើងដោយភាគីជិតខាង ចំនួន ២១លើក (ព្រំដែន កម្ពុជា-ថៃ ១០លើក, កម្ពុជា-វៀតណាម ៧លើក និងព្រំដែន កម្ពុជា-ឡាវ ៤លើក)។ ប៉ុន្តែ ទោះយ៉ាងនេះក្តី ក៏សភាពការណ៍សន្តិសុខតាមតំបន់ព្រំដែននៅតែមានលក្ខណៈល្អប្រសើរ ដោយរាល់បញ្ហាដែល បានកើតឡើង ត្រូវបានដោះស្រាយដោយសន្តិវិធី ឬតាមរយៈការទូត បញ្ចៀសបាននូវហិង្សាប្រដាប់អាវុធ។

លោក បញ្ជាក់ថា «ភាគីវៀតណាមបានបោះតង់ និងសង់រោងក្រោមហេតុផលធ្វើប៉ុស្តិ៍សង្កេតការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ឃ្លាតពីខ្សែបន្ទាត់ព្រំដែនចម្ងាយ ១៥ម៉ែត្រ ទៅ ១៥០ម៉ែត្រ សរុបចំនួន ៣៦៩តង់ លើ៩ខេត្ត រួមមាន៖ លើទីតាំងឯកភាពគ្នា ៣២៣តង់ (បានរុះរើចេញវិញ ៦៣តង់) និងទីតាំងមិនទាន់ឯកភាពគ្នា ៤៦តង់ (បានរុះរើ ចេញវិញ ៤២តង់)»។

លោក បន្ថែមថា ដោយឡែកបានរកឃើញករណីនាំជនបរទេសជ្រៀតចូលដោយខុសច្បាប់តាមបណ្ដោយព្រំដែនចំនួន ៤៧ករណី ឃាត់ខ្លួន ៣៧២នាក់ ក្នុងនោះ ជនបរទេស ៣៣៥នាក់ ស្រី ៨០នាក់ ។ ឃាត់ខ្លួនមេខ្យល់នាំមនុស្សចូលមកកម្ពុជាដោយខុសច្បាប់ ៤០នាក់ ក្នុងនោះជនជាតិ ខ្មែរ ៣៧នាក់ និងវៀតណាម ៣នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោក បញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានសហការជាមួយកងយោធពលខេមរភូមិន្ទរដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក បន្តជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកងកម្លាំងមាន សមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងសម្របសម្រួល បង្កភាពងាយស្រួលដល់ការចេញចូលឆ្លងកាត់ព្រំដែនស្របច្បាប់របស់ប្រជាពលរដ្ឋទាំងសងខាង ពិសេស ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះ បានជួបប្រជុំជាមួយភាគីថៃ ១២៤លើក វៀតណាម ៥៧លើក និងឡាវ ៣លើក។

ក្រៅពីនេះ នគរបាលការពារព្រំដែន បានបន្តចូលរួមសម្របសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងការចុះរុករកវាស់វែង និងបោះបង្គោលព្រំដែនរបស់ក្រុមគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន កម្ពុជា-ថៃ និងក្រុមគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ប្រកបដោយសុវត្ថិភាព៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ