ក្រសួងទេសចរណ៍ដាក់វិធានការ៦ចំណុច ដែលត្រូវអនុវត្ដដាច់ខាតនៅពេលបើកដំណើរការខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ឡើងវិញ
ភ្នំពេញ៖ក្រសួងទេសចរណ៍ បានដាក់ចេញនូវវិធានសុវត្ថិភាពសម្រាប់អាជីវកម្មខារ៉ាអូខេ ដោយភ្ជាប់នូវលក្ខខណ្ឌនៃការអនុវត្តចំនួន៦ចំណុច ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មី និងស្ថានភាពនាពេលបច្ចុប្បន្នក្នុងគោលបំណងជួយសម្រួលដល់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ និងដើម្បីចូលរួមបង្ការ ការរក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការ។
វិធានការដែលត្រូវអនុវត្តទាំង៦ចំណុចមានដូចខាងក្រោម៖
១. ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងលក្ខខណ្ឌតម្រូវ និងចំណុចណែនាំទាំងឡាយដូចមានកំណត់ អាជីវកម្មខារ៉ាអូខេ ត្រូវចាត់ទុកលក្ខខណ្ឌទាំងនោះជាគោលការណ៍ណែនាំចម្បងសម្រាប់ការអនុវត្តក្នុងដំណាក់កាលនេះ និងត្រូវអនុវត្តឱ្យបានហ្មត់ចត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ។
២.អាជីវកម្មខារ៉ាអូខេត្រូវរៀបចំឱ្យមានផែនការសកម្មភាពច្បាស់លាស់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងត្រូវមានស្មារតីភ្ញាក់រលឹក គិតគូរអំពីបញ្ហាសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាពសង្គមជាតិជាអាទិភាពចំពោះមុខ ដោយធ្វើការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មខារ៉ាអូខេក្នុងបរិបទ។
៣. អាជីវកម្មខារ៉ាអូខេត្រូវរៀបចំឱ្យមានការបណ្ដុះបណ្ដាលបុគ្គលិកជាប្រចាំ អំពីខ្លឹមសារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពសេវាកម្ម ការបម្រើសេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។
៤. អាជីវកម្មខារ៉ាអូខេត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាលស្តីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មខារ៉ាអូខេឱ្យបានជាប្រចាំ។
៥. អាជីវកម្មខារ៉ាអូខេ ត្រូវចូលរួម អនុវត្តគោលនយោបាយនានា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងសកម្មភាពជាក់ស្តែង ដោយជំរុញឱ្យបុគ្គលិកទាំងអស់រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ទៅទទួលយកការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា និងឱ្យបានគ្រប់ចំនួនដូសតាមការកំណត់របស់ក្រសួងសុខាភិបាល។
៦. អាជីវកម្មខារ៉ាអូខេត្រូវអនុវត្ត និងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវគ្រប់ប្រព័ន្ធបច្ចេកវិទ្យាដែលបានដាក់ឱ្យអនុវត្តកន្លងមកដោយរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ការស្កេន QR Code ទប់ស្កាត់កូវីដ-១៩ និងប្រព័ន្ធ Telegram BOT គ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ជាដើម៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ