ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារទីស្ដីការ ថ្មីក្រសួងមហាផ្ទៃ លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា អគារនេះ គ្រោងនឹងបញ្ចប់ការសាងសង់ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់នេះ ដោយមានការយល់ព្រមពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថា ក្នុងពិធីសម្ពោធទីស្តីការ នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មីដែលនៅទីតាំងចាស់ ចំណាយថវិកា សាងសង់ ប្រមាណជា ៦០លានដុល្លារ។

គួរបញ្ជាក់ថា អាគារទីស្តីការរបស់ក្រសួងមហាផ្ទៃមានទីតាំងនៅអាគារចាស់ ដែលមានផ្ទៃដីសរុបទំហំ៥,៦ ហិចតា ស្ថិតនៅលើមហាវិថី ព្រះនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អាគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអាគារនេះ បែទៅទីសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែមុខចំទន្លេរធំៗទាំងបួន ដែលគេហៅថាទន្លេចតុមុខ។ អាគារទីស្តីការរបស់ក្រសួមហាផ្ទៃ នេះមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកំពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តដែឡអាចចតរថយន្តក្នុងអាគារបានសរុប ចំនួន៣៣០គ្រឿង។

ជាងនេះទៅទៀត ប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួន៥ លំនាំតាប្រាសាទអង្គវត្តកំពូល៥ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពី ពន្លឺ ខ្យល់ធំ្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តសមជាទីកន្លែងធ្វើការរួមបែបសម័យទំនើបថ្មី។បន្ថែមពីនេះ ផ្ទៃក្រឡាសរុបរបស់អគារទីស្តីការក្រសួងមហាផ្ទៃថ្មីមានទំហំ ១០៥,៥៤៥ ម៉ែត្រការ៉េ និង ៤៣,៥ម៉ែត្រ គីតពីមហាវិថីព្រះនរោត្តម មកត្រឹមក្រោមដំបូលអគារកម្ពស់៦៣ម៉ែត្រ គិតត្រឹមដំបូលក្បឿង៩២ម៉ែត្រ គិតដល់ចុងបុស្បបុកតូច និង១១៨ ម៉ែត្រគិតដល់ចុងបុស្បបុកធំ។

សូមបញ្ជាក់ថា អគារទីស្តីការថ្មីនេះមានមុខងារប្រើប្រាស់ជា រដ្ឋបាលប្រមូលផ្តុំ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន អគ្គភាពឋានៈស្មើរចំនួន១២ គណៈកម្មាធិការជាតិចំនួន០៥ គណៈកម្មការក្រសួងមហាផ្ទៃ ចំនួន០៦ លេខាធិកាដ្ឋាននៃគណកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងនាយកដ្ឋានជំនាញចំនួន៤២ នឹងចូលមកបម្រើការងារនៅក្នុងអគារថ្មីនេះ ហើយសមត្ថភាពអគារថ្មីនេះ អាចផ្ទុកមនុស្សសរុបរហូតដល់ទៅ ៨៥០០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ