អាវុធហត្ថខេត្តរតនគិរីម្នាក់ ត្រូវបានបញ្ជូនទៅតុលាការ ក្រោយជេរប្រមាថ និងវាយអាចារ្យភ្លុក ១ ដៃ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៩ កញ្ញា ២០២១នេះ បានធ្វើការប្រកាសព័ត៌មាន អំពីការអនុវត្តច្បាប់ ទៅលើនាយទាហាន នៃកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន ១រូប ដែលបានជេរប្រមាថ និងប្រើអំពើហិង្សាដោយចេតនា នាពេលកន្លងទៅ ។
តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បញ្ជាក់ថា កាលពីពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ម្តាយបង្កើតរបស់លោកវរសេនីយ៍ត្រី ទួង ចាន់ មុខងារអនុប្រធានមន្ទីរភស្តុភារ នៃកងរាជអាវុធហត្ថខេត្តរតនគិរី បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅមណ្ឌលសម្រាកព្យាបាលបឹងកន្សែង បន្ទាប់មកក្រុមគ្រូពេទ្យ ក៏បានដឹកសពទៅកន្លែងបូជា ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ នៅវត្តគិរីសោភ័ណ ហៅវត្តអូរភ្លង ។
នៅកន្លែងបូជាសព លោកវរសេនីយ៍ត្រី ទួង ចាន់ បានបញ្ចេញអាកប្បកិរិយាច្រងេងច្រងាង ប្រើពាក្យសម្តីមិនសមរម្យ និងបានវាយលោកអាចារ្យភ្លុក ត្រូវមួយដៃ ។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី ទួង ចាន់ បានបង្ហោះព័ត៌មាន តាមគណនីហ្វេសប៊ុក ឈ្មោះ Chheang Sok ដោយសរសេរប្រមាថទៅលើលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ទៀតផង ។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ ឈ្មោះ ទួង ចាន់ ជានាយទាហាន នៃកងរាជអាវុធហត្ថរតនគិរី បន្ទាប់មកបានស្នើសុំ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនបុគ្គលនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។
ដោយឡែកនៅលើគណនីហ្វេសប៊ុក ឈ្មោះ Chheang Sok កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានចេញលិខិតសុំអភ័យទោសនិងសរសេរសារថា«សូមគោរពជូន ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកតា លោកយាយ អ៊ំប្រុស អ៊ំស្រី ពូមីង បងប្អូន កូនក្មួយជនជាតិដើមភាគតិចទាំងអស់ មេត្តាយល់យោគ អធ្យាស្រ័យដល់រូបខ្ញុំបាទ ដោយក្តីអនុគ្រោះផងចុះ ។ ខ្ញុំបាទនឹងធ្វើការសុំទោស ដោយសុំអនុញ្ញាតចូលជួប អភិបាលខេត្ត នៅសាលាខេត្តរតនគិរី ។ សូមអរគុណ» ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានអោយដឹងថា យោធិននៃកងរាជអាវុធហត្ថ ជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូ ក្នុងការអនុវត្តច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បើបុគ្គលណាមិនគោរព ឬប្រព្រឹត្តល្មើសច្បាប់ ត្រូវតែអនុវត្តតាមច្បាប់ ឬអនុវត្តទណ្ឌកម្មវិន័យ ដូចទិសស្លោកដែលបានដាក់ចេញ “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ៕