ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ វេចខ្ចប់ និងយកសំណល់ថ្មពិលមកទុកក្នុងធុង រៀបចំដោយក្រ សួងឲ្យត្រឹមត្រូវ ព្រោះថា សំណល់ថ្មពិល ត្រូវបានចាត់ទុក ជាសំណល់គ្រោះថ្នាក់ដល់មនុស្ស។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា «សំណល់ថ្មពិល ត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ដោយសារសំណល់នេះ មានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហះធ្ងន់ មានជាអាទិ៍ បារ៉ត សំណ កាត់ម៉្ញូម ស័ង្កសី និងនីកែល ។ សារធាតុគ្រោះថ្នាក់ ដែលមានផ្ទុកនៅក្នុងសំណល់ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន នៅពេលសាយភាយចូលទៅក្នុងបរិស្ថាន តាមរយៈការទុកដាក់សំណល់នេះ មិនបានត្រឹមត្រូវ»។ 


ក្រសួងបានបន្ដថា ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ពីសំណល់ថ្មពិលចូលទៅក្នុងបរិស្ថាន និងដើម្បីការពារសុខភាពមនុស្ស ត្រូវវេចខ្ចប់ និងយកសំណល់ថ្មពិលមកទុកក្នុងធុងដែលក្រសួងបរិស្ថាន បានដាក់  នៅតាមបុរី ស្ថានីយប្រេងឥន្ធះ ផ្សារទំនើប។ 

បន្ថែមពីនេះទៀត ក្រសួងបរិស្ថាន នឹងបន្តពង្រីកវិសាលភាពនៃការដាក់ធុងថ្មពិលនេះ តាមទីតាំងសំខាន់ៗបន្ថែមទៀត នៅតាមបណ្តារខេត្តទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ក្រសួងថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ និងការចូលរួមក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល។

ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះ ដើម្បីបរិស្ថាន គ្មានសំណល់ថ្មពិល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ