ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ឃើញថា ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ត្រូវបន្តពួតដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំង យកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាព សង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។

ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយ សម្រាប់អនាគតរួមគ្នា» នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា ជោគជ័យដ៏ត្រចះត្រចង់ ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំ សម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញមាគ៌ាដ៏ត្រចះត្រចង់ និងបង្កើតកាលានុវត្តភាពថ្មី ដើម្បីឈានទៅសម្រេចបាន អនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន។

សម្ដេចតេជោ មានប្រសាសន៍បន្តថា «ជាទិសដៅទៅអនាគត ខ្ញុំយល់ឃើញថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាព សកម្មភាពសង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាលក្ខណៈសកលបែបនេះ ទាមទារនូវសាមគ្គីភាព ការជឿទុកចិត្ត ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ»។

សម្ដេចតេជោបន្ដថា លើសពីនេះទៀត ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿន ការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបើកឲ្យបាន ទូលំទូលាយជាងមុននូវទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឲ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការ នាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធាន ហិរញ្ញវត្ថុបន្ថែមទៀត។

នាឱកាសនោះ សម្ដេចតេជោ លើកឡើងទៀតថា សម្រាប់កម្ពុជា ទោះបីត្រូវបានចាត់ទុក ជាប្រទេសដែលធនធាននៅមានកម្រិត ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹង វិបត្តិនាពេលអនាគត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ