ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា នាពេលខាងមុខ នឹងប្រើវិធីសាស្ដ្របញ្ឈប់ការពាក់ម៉ាស ក្នុងខេត្តណាមួយ ដើម្បីសាកល្បង នៃការឆ្លងជំងឺកូវីដ-១៩ ព្រោះថា ការប្រើម៉ាសត្រូវចំណាយថវិកា។

ក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅតាមធម្មតា ហើយក៏មិនយកប្រជាជន ធ្វើតេស្ដឡើយ ចំពោះការអនុញ្ញាឲ្យរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ផងដែរ។

សម្ដេចតេជោ បន្ដថា អ្នកចូល KTV នៅភ្នំពេញនាពេលបច្ចុប្បន្នអត់ពាក់ម៉ាស ហើយក៏មិនឃើញឆ្លងជំងឺកូវីដ-១៩ ផងដែរ។ សម្ដេច ថា នឹងជ្រើសរើសយកខេត្តណាមួយរបស់កម្ពុជា មិនពាក់ម៉ាសឡើយ ខណៈឆ្លងទៅខេត្តផ្សេងៗទៀត គឺតម្រូវឲ្យពាក់ម៉ាស ព្រោះខេត្តនោះ មិនទាន់អនុញ្ញាមិនឲ្យពាក់ម៉ាស់។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ កំពុងគិតថា នៅពេលណាមួយ នឹងអាចប្រើប្រាស់វិធីសាស្ដ្របញ្ឈប់ការប្រើម៉ាស នៅក្នុងខេត្តណាមួយ ឬខេត្តពីរ ដើម្បីសាកល្បង ព្រោះអាម៉ាសហ្នឹងវាចំណាយដែរ។ ចឹងពេលខ្លះយើងគួរតែសាកល្បង»។

សម្ដេចតេជោ ក៏បានទាហរណ៍ថា មិនអនុញ្ញាឲ្យពាក់ម៉ាស នៅខេត្តព្រះវិហារ ប៉ុន្ដែអ្នកខេត្តព្រះវិហារ ចូលមកលេងខេត្តសៀមរាប ត្រូវពាក់ម៉ាសវិញ។ ដោយឡែក ខេត្តសៀមរាប ចូលខេត្តព្រះវិហារ មិនពាក់ម៉ាសឡើយ។ សម្ដេចថា នាពេលបច្ចុប្បន្ន ត្រូវពាក់ម៉ាស ឲ្យបានគ្រប់ៗគ្នា ព្រោះមិនទាន់អនុញ្ញាឲ្យដោះម៉ាសចេញឡើយ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿលើការឃោសនា ផ្សព្វផ្សាយអកុសល របស់ជនមួយក្តាប់តូចថា «ចាក់វ៉ាក់សាំង នាំឲ្យមានជំងឺមហារីកនៅពេលក្រោយ»។ សម្ដេច ក៏បានលើកឡើង ថា វ៉ាក់សាំងគឺជាឧបករណ៍មួយ ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជួយដល់ប្រជាពលរដ្ឋពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ