ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល ៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យជាច្រើន ទាំងក្នុងក្របខណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញភាពមិនប្រាកដប្រជាក៏ដោយ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោក សក់ សេដ្ឋា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏ដូចជាមន្ដ្រីនៃអង្គភាពគ្រប់គ្រងគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក រដ្ឋលេខាធិការប្រចាំការ គូសបញ្ជាក់ថា «ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យជាច្រើនគួរឱ្យកត់សម្គាល់ និងមានមោទនភាព ទាំងនៅក្នុងក្របខណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញភាពមិនប្រាកដប្រជា ទាំងផ្នែកនយោបាយ សន្តិសុខ និងគ្រោះធម្មជាតិជាច្រើនដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ បានធ្វើឱ្យប៉ះពាល់យ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាសកល»។

លោក បន្ដថា បន្ថែមថា ក្នុងក្របខណ្ឌផ្ទៃក្នុង យើងបានចាត់វិធានការចាំបាច់នានាដោយជោគជ័យទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ជំនន់ទឹកភ្លៀង ក៏ដូចពីវិបត្តិសាកលផ្សេងទៀត មានដូចជា ការកើនឡើងតម្លៃទំនិញ ប្រេងឥន្ធនៈ និងការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច ជាដើម។

ជាថ្មីម្ដងទៀត លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំនេះ ក្រសួងមហាផ្ទៃ ក៏បានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ពាក់ព័ន្ធការថែរក្សា និងការការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ការងារអត្តសញ្ញាណកម្ម ការងារអន្តោប្រវេសន៍ ការទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀន ការគ្រប់គ្រងពន្ធនាគារ ការគ្រប់គ្រងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលតាមវិធានការច្បាប់ ក៏ដូចការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ។

ជាមួយគ្នាដែលនេះ លោក រដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ការសម្រេចបានសមិទ្ធផលគួរឱ្យមោទនៈទាំងនេះ គឺដោយសារមានការណែនាំ និងការគាំទ្រប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទាំងផ្នែកគោលនយោបាយ ការពង្រឹងស្ថាប័ន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ