រដ្ឋមន្ដ្រីក្រសួងសាធារណការ សំណូមពរប្រជាពលរដ្ឋកុំប្រេីប្រាស់ផ្លាកលេខក្លែងក្លាយ នាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ:
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរសាធារណៈជនបំពាក់ផ្លាកលេខសម្គាល់យានយន្តត្រឹមត្រូវ ហេីយបង់ពន្ធនាំចូលជូនរដ្ឋ កុំប្រើប្រាស់ផ្លាកលេខក្លែងក្លាយ នាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
នាឱកាសចុះឆ្មក់ត្រួតពិនិត្យមើលភាពត្រឹមត្រូវ នៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងផ្ទៀងផ្ទាត់គល់បញ្ជីផ្លាកលេខ ក្នុងប្រព័ន្ធបច្ចេកវិទ្យាក្រសួង នៅភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា លេខសម្គាល់រថយន្តទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ ត្រូវបានចែករំលែក និងអនុញ្ញាតឱ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រើប្រាស់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្លាកលេខរថយន្តក្លែងក្លាយ និងចូលរួមទប់ស្កាត់ការគេចវេសពីការបង់ពន្ធនាំចូល។
លោកបានកត់សម្គាល់ផងដែរអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះក្នុងការជួយត្រួតពិនិត្យ ទប់ស្កាត់ការក្លែងបន្លំផ្លាកលេខសម្គាល់រថយន្ត ជាពិសេសកាត់បន្ថយរថយន្តផ្លាកលេខក្លែងក្លាយដែលប្រើក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
លោកមទេសរដ្ឋមន្ត្រី បានបញ្ជាក់ ថា "សំណូមពរដល់សាធារណៈជនឱ្យចូលរួមគោរព ច្បាប់ឱ្យបានខ្ជាប់ខ្ជួន បំពាក់ផ្លាកលេខសម្គាល់យានយន្តឱ្យបានត្រឹមត្រូវ បង់ពន្ធនាំចូលជូនរដ្ឋ និងកុំប្រើប្រាស់ផ្លាកលេខក្លែងក្លាយដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិរបស់យើង"៕EB