ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សណា នាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រៃវែង។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍អំពាវនាវបែបនេះ ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិគុម្ព ហៅវត្តព្រៃមាន់ ក្នុងភូមិព្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «សូមអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ បន្តចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះ និងចូលរួមគោរពគាំទ្រ ព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនបន្ថែមទៀត និងសូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ»។
ក្នុងពិធីនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សមិទ្ធផលដ៏ធំធេងនេះ គឺកើតឡើងពីការចូលរួមចំណែកពីលោក លោកស្រី និងទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានអញ្ជើញមកក្នុងកម្មពិធីបុណ្យផ្សេងៗកន្លងមក ហើយនេះ ក៏ចាត់ទុកថា ជាសម្បត្តិរួមសម្រាប់បម្រើសេវាផ្នែកព្រះពុទ្ធសាសនាជូនសាសនិកជនទូទៅ ដែលគាត់មកធ្វើបុណ្យទានតាមគន្លងព្រះពុទ្ធសាសនា៕EB