ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ញាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងថែមទៀតនូវការត្រួតពិនិត្យ និងទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន ពិសេសតំបន់ត្រីកោណមាស។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ក្រសួង ស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត អង្គភាពមានសត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ និងពង្រឹងថែមទៀតនូវការត្រួតពិនិត្យ និងទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន ពិសេសពីតំបន់ត្រីកោណមាស តាមខេត្តជាប់ព្រំដែន ឡាវ»។

សម្ដេចក្រឡាហោម បន្ថែមថា ខេត្តជាប់ព្រំដែនត្រូវរៀបចំ និងពង្រឹងយន្តការការិយាល័យ ប៊ី អិល អូ (BLO) និងត្រូវសហការជាជាមួយអង្គភាពពាក់ព័ន្ធឈរជើងនៅតាមតំបន់ព្រំដែនធ្វើសកម្មភាព ឃ្លំាមើល  និងត្រួតពិនិត្យនូវរាល់មធ្យោបាយ ធ្វើដំណើរឆ្លងកាត់ដែលមានការសង្ស័យឱ្យបានហ្មត់ចត់»។

សម្ដេចក្រឡាហោម បន្ដថា ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន  ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតនូវការត្រួតពិនិត្យការបង្វែរសារធាតុគីមីផ្សំពីការប្រើប្រាស់ស្របច្បាប់យកទៅផលិតគ្រឿងញៀនខុសច្បាប់ឱ្យមានប្រសិទ្ធភាពបំផុត។ ជាមួយនេះត្រូវធ្វើ ការលើកកម្ពស់  និងពង្រឹងសមត្ថភាពមន្រ្តីជំនាញក្នុងការត្រួតពិនិត្យសារធាតុគីមីផ្សំគ្រប់ប្រភេទ ដែលមានចែងក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងធ្វើការសិក្សាស្រាវជ្រាវលើ សារធាតុគីមីផ្សេងៗទៀតដែលអាចនឹងបង្វែរទៅផលិតគ្រឿងញៀនខុសច្បាប់បាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ