ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាឆ្លងកាត់ដំណាក់កាល នៃរដូវរងារនេះ ហើយកុំឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែរឿងបញ្ហារងារ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រដូវរងារឆ្នាំ២០២១ មានភាពរងាខ្លាំង ហើយការរងារនេះ នឹងអូសបន្លាយរហូសដល់ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។
សម្ដេចតេជោ បានបញ្ជាក់ថា «ចឹងបានជាខ្ញុំ សូមអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ មានជីដូន ជីតា ឪពុក-ម្ដាយ ចាស់ៗ អំពីសុខភាពរបស់ពួកគាត់។ សម្រាប់អ្នកក្រីក្រ អាជ្ញាធរត្រូវយកចិត្តទុកដាក់ ក្រុមការងារចុះជួយមូលដ្ឋាន ត្រូវយកចិត្តទុកដាក់។ អ្នកក្រីក្រ អត់មានកូនចៅ គ្មានទីពឹង ត្រូវពឹងពាក់អាស្រ័យទៅលើអាជ្ញាធរ»។
សម្ដេចតេជោ បានសង្កេតឃើញថា មានរាជធានី-ខេត្ត មួយចំនួន បានចុះជួយប្រជាពលរដ្ឋក្នុងរដូវរងានេះ ដោយផ្ដល់ជូននៅ អាវរងា មុង ភួយ ថវិកា និងសម្ភារៈមួយចំនួន ផងដែរ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា «ធ្វើយ៉ាងម៉េច ឆ្លងកាត់ដំណាក់កាល នៃរដូវរងារនេះ កុំឲ្យប្រជាពលរដ្ឋយើងណាម្នាក់រងគ្រោះដោយសារតែរឿងបញ្ហារងា»។
សម្ដេចតេជោ បានបន្ដថា តាមបណ្ដាប្រទេសមួយចំនួន មានប្រជាពលរដ្ឋដេកស្លាប់ដោយសារភាពរងារ។ ដូច្នេះ អាជ្ញាធរ នៅកម្ពុជា ត្រូវយកចិត្តទុកដាក់បំផុត ចំពោះប្រជាពលរដ្ឋក្នុងរដូវរងារនេះ៕