ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្តេចនឹងគាំទ្រកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែធ្វើនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវធ្វើការបោះឆ្នោត ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំប្រកាសតែម្តង គឺគាំទ្រហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តី។កូនអ្នកដទៃធ្វើបាន រឿងអីកូនហ៊ុន សែន ធ្វើមិនបាន»។
សម្តេចថា ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងចំណោមបេក្ខជនផ្សេងទៀត ដោយមានការគាំទ្រពីសម្តេចជាឪពុកតែម្តង។
គួរបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មានវ័យ ៤៣ឆ្នាំ ជាឧត្តមសេនីយ៍ផ្កាយ៣ មានតួនាទីជាអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្ស។ក្នុងបក្សលោក គឺជាសមាជិកគណៈ អចិន្ត្រៃយ៍ ស្ថិតក្នុងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត ជាប្រធានចលនាយុវជនដឹកនាំសមាជិកជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា៕EB