ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងយន្ដការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ប្រមាថ មាក់ងាយលើជនមានពិការភាព។
យោងតាមសារលិខិត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៣ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរត្រូវលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌ ជូនជនមានពិការភាព ការធានាសមភាពយេនឌ័រ ភាពអង់អាចរបស់ស្ដ្រីមានពិការភាព និងក្មេងស្រីមានពិការភាពចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ដៃគូរពាក់ព័ន្ធទាំងអស់។
សម្ដេចតេជោ បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឲ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាព ជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរព្រមទាំង មានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។
សម្ដេចតេជោ បានថ្លែងថា «ខ្ញុំ សូមស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការសម្របសម្រួលទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ បន្ថែមលើសពីនេះ ទៀត ខ្ញុំសូមឲ្យមានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរ ដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតប តម្រូវការទីផ្សារដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើតសាជីវកម្មនិងការចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង»។
សូមបញ្ជាក់ថា បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០២០ កន្លងទៅជនមានពិការ ភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៣៧ មានជនមានពិការភាព ចំនួន៣ ៦២១នាក់ ក្នុងនោះ ស្ត្រីមាន ពិការភាព ចំនួន ៨១៥នាក់ ជនពិការកម្រិតធ្ងន់ចំនួន ២ ៣៧៣នាក់។ ដោយឡែកវិស័យឯកជន រួមមាន ៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះបញ្ជីការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទូទាំងប្រទេសមាន ចំនួន២០៤គ្រឹះស្ថាន រោងចក្រ សហគ្រាស មានជនមានពិការភាពចូលបម្រើការងារ ចំនួន៥ ២៣៥នាក់ ស្រ្តីមានពិការភាព ៣ ៣៨៩នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៨ ៧៦៨នាក់កំពុងបម្រើការងារ៕EB