អភិបាលខេត្តស្ទឹងត្រែង ស្នើអាជ្ញាធរដែនដី ពង្រឹងសហប្រតិបត្តិការជាមួយសាខាពន្ធដាខេត្ត ដើម្បីជំរុញការងារប្រមូលពន្ធប្រថាប់ត្រា
ស្ទឹងត្រែង ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានស្នើរដល់អាជ្ញាធរដែនដី ជាពិសេស ក្រុង-ស្រុក-ឃុំ- សង្កាត់ មេត្តាយកចិត្តទុកដាកខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាខាពន្ធដាខេត្ត ដើម្បីជំរុញការងារប្រមូលពន្ធប្រថាប់ត្រា។
ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់តម្លៃអចលនទ្រព្យជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ខេត្តស្ទឹងត្រែង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរអង្គភាពជាប្រតិបតិ្តករ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានសហការ និងរួមចំណែកក្នុងការធ្វើឲ្យចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទិ្ធកាន់កាប់អចលនទ្រព្យទទួលបានលទ្ធផលប្រសើរនាពេលកន្លងមក។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «ស្នើរដល់អាជ្ញាធរដែនដី ជាពិសេស ក្រុង ស្រុក ឃុំ សង្កាត់ មេត្តាយកចិត្តទុកដាកខ្ពស់ ក្នុងការពង្រឹងកិច្ចសហការប្រតិបត្តិជាមួយសាខាពន្ធដាខេត្ត ដើម្បីជម្រុញការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យដែលមានប័ណ្ណ ឬគ្មានប័ណ្ណកម្មសិទ្ធិ និងប្រភេទពន្ធមួយចំនួន ដែលពាក់ព័ន្ធនិងការប្រមូលពន្ធប្រថាប់ត្រា មានជាអាទិ៍ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើអចនទ្រព្យ ដែលជាប្រភេទពន្ធមានសក្តានុពលច្រើន ហើយជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ជាតិ អោយចូលខ្លួនមកបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងការទទួលរងនូវទោសទ័ណ្ឌដែលមានចែងក្នុងច្បាប់សារពើពន្ធជាធរមាន»៕