(ភ្នំពេញ)៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលទទួលដឹកនាំធ្វើសេចក្ដីព្រាងវិសោធណកម្មច្បាប់នេះ បានការពារវិសោធនកម្មនេះថាធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ពិសេសត្រង់មាត្រាចែងថាបទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់ «ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត នៅតែជាសិទ្ធរបស់ពលរដ្ឋខ្មែរ»។

បន្ទាប់ពីសេចក្ដីព្រាងច្បាប់ត្រូវបានរដ្ឋសភាអនុម័ត សម្ដេចក្រឡាហោម បានថ្លែងអំណរគុណអង្គសភា និងអះអះអាងថាច្បាប់នេះ នៅពេលចូលជាធរមាននឹងក្លាយជាមូលដ្ឋានគតិយុត្តិមួយដ៏រឹងមាំក្នុងការលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចរិកនៅក្នុងរដ្ឋធម្មនុញ្ ញជាពិសេសការពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកនយោបាយទាំងថ្នាក់ជាតិ និងក្រោមជាតិ។

សម្ដេច ស ខេង បានបន្ថែមទៀតថា«ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងការប្ដេជ្ញាចិត្តថានឹងយកច្បាប់នេះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ រួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពជាមួយស្ថាប័នដែលមានការពាក់ព័ន្ធទៅតាមមុខងារ និងភារកិច្ចរៀងៗខ្លួនដែលមានកំណត់ក្នុងច្បាប់ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា នៅក្រោយពេលដែលច្បាប់នេះបានចូលជាធរមាន»។

គួរបញ្ជាក់ថា សមាជិក-សមាជិការរដ្ឋសភាចំនួន ១១១រូប បានលើកដៃអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលសំដៅកែទម្រង់ “សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត”។ ការអនុម័តនេះ បានធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣នេះ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត មានប្រាំបីមាត្រារួមមាន៖

-មាត្រាមួយ ចែងអំពីគោលបំណងនៃការធ្វើវិសោធនកម្ម

-មាត្រាពីរ ចែងអំពីការធ្វើវិសោធនកម្មមាត្រា ២៣ មាត្រា ១៤២ និងមាត្រា ១៤៣ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ-មាត្រាបី ចែងអំពីការធ្វើវិសោធនកម្មមាត្រា ៣៥ មាត្រា ១៧១ និងមាត្រា ១៧២ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

-មាត្រាបួន ចែងអំពីការធ្វើវិសោធនកម្មមាត្រា ១៣ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

-មាត្រាប្រាំ ចែងអំពីការធ្វើវិសោធនកម្មមាត្រា ១៥ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

-មាត្រាប្រាំមួយ ចែងអំពីវិសោធនកម្មដោយការកែប្រែមាត្រាពាក់ព័ន្ធមួយចំនួន នៅក្នុងច្បាប់បោះឆ្នោត

-មាត្រាប្រាំពីរ ចែងអំពីអន្តរប្បញ្ញត្តិសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥

-មាត្រាប្រាំបី ចែងអំពីការអនុវត្តច្បាប់ជាការប្រញាប់។សមាជិក-សមាជិកា ដែលបានចូលរួមក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃសុក្រនេះ បានអនុម័តមាត្រាម្ដងៗមួយ និងអនុម័តទៅលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតទាំងមូល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ