(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាល បានថ្លែងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះ មានខ្លឹមសារពាក់ព័ន្ធតែលក្ខខណ្ឌឲ្យគេឈរឈ្មោះបោះឆ្នោតប៉ុណ្ណោះ ដោយមិនបានធ្វើឲ្យប៉ះពាល់ឡើយនូវ សិទ្ធិបោះឆ្នោតប្រជាពលរដ្ឋខ្មែរ ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចបន្តថា «ដូចនេះ ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមានជាកាតព្វកិច្ចដែលមានចរិតចាប់បង្ខំឲ្យទៅបោះឆ្នោតនោះ ទេ។ ចំពោះអ្នកដែលមិនបានទៅបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រឆ្នាំ២០២៣នេះ ពលរ ដ្ឋដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត និងត្រូវបាត់បង់នូវសិទ្ធិឈរឈ្មោះឲ្យគេ បោះ ឆ្នោតសម្រាប់ការបោះឆ្នោតចំនួន៤បន្តបន្ទាប់គ្នា»។

សម្តេច ស ខេង បានលើកឡើងថា ការបោះឆ្នោតចំនួន៤ ត្រូវអាចឈរឈ្មោះបាន រួមមាន ៖ ១- ការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤, ២- ការបោះឆ្នោតក្រុមប្រឹ ក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤, ៣- ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ នៅឆ្នាំ២០២៧ និង៤- ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅអាណត្តិទី៨ នៅឆ្នាំ២០២៨។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា វិសោធនកម្មច្បាប់បោះឆ្នោតក៏បានចែងពីទោសផងដែរ ពោលគឺអ្នកដែលរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងអ្នកដែលបានណែនាំ ឬញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត ត្រូវពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល និងដកហូរសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេលយ៉ាងតិច៥ឆ្នាំ។ ចំពោះគណបក្សនយោបាយវិញក៏ត្រូវរងកាផាកពិន័យជាប្រាក់ពី១០លានរៀលទៅ៣០លានរៀល និងអាចដកហូតសិទ្ធិជាបណ្តោះអាសន្ននៃសិទ្ធិចូលរួមបោះឆ្នោតរយៈពេល៥ឆ្នាំ បន្ថែមពីទោសផ្សេងទៀតដែលមានក្នុងច្បាប់ជាធរមាន។

សម្តេច ក៏បានលើកឡើងឲ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ មានគោលបំណងការពារដំណើរការបោះឆ្នោតពីផែនការ ឬឧបាយកលនយោបាយនានានៃប៉ុងប៉ងបំផ្លាញការបោះឆ្នោត និងការធ្វើវិសោធនកម្មច្បាប់នេះ ក៏រួមចំណែកលើកស្ទួយគុណតម្លៃ នៃលិទ្ធប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ក៏ដូចជាការលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកនយោបាយដែលមានបំណងឈ រឈ្មោះឲ្យគេបោះឆ្នោត ក្នុងការគោរពករណីកិច្ចរបស់ខ្លួនក្នុងសង្គមប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ដែលមានចំនួន៨មាត្រា ត្រូវបានសមាជិករដ្ឋសភាចំនួន១១១រូប នៃចំនួនសមាជិកសភាទាំងមូល បានលើដៃអនុម័តជាឯងច័ន្ទ នៃខ្លឹមសារទាំងស្រុង។ ការអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋ លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្ត មានសមាជិក សមាជិការដ្ឋសភាចំនួន១១១រូប៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ