សម្ដេចក្រឡាហោម ស ខេង ៖ កម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ឆ្លងកាត់លំបាកជាច្រើន ទម្រាំអាចកសាងបានសុខសន្តិភាព ដូចពេលនេះ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ឆ្លងកាត់ការលំបាកជាច្រើន ទម្រាំអាចកសាងបានសុខសន្តិភាព ដូចពេលនេះ និងចំណាយពេលវេលារាប់សិបឆ្នាំ។
ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានអំពាវនាវអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ពិសេសកម្លាំងរក្សាសន្តិសុខសម្រាប់ការបោះឆ្នោត សូមរួមគ្នាគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សម្ដេច បានសង្កត់ធ្ងន់ថា «ឱកាសដែលកម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ដ្បិតកម្ពុជាឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំអាចកសាងបានសុខសន្តិភាពដូចពេលនេះ និងបានចំណាយពេលវេលារាប់សិបឆ្នាំ ចំណាយសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិតមនុស្សជាច្រើននាក់ ទម្រាំងអាចឈានមកដល់ដំណាក់កាលដូចបច្ចុប្បន្ន»។
សម្ដេច បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពជាបន្តទៀត។ សម្ដេច បន្តថា មានកិច្ចការច្រើនដែលត្រូវធ្វើដើម្បីថែរក្សាការពារសុខសន្តិភាព ក្នុងនោះ ក៏មានកិច្ចការដែលបានធ្វើជាបន្តបន្ទាប់មកហើយដែរ ដូចជា ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ កសាងប្រព័ន្ធយុត្តិធម៌សង្គម និងការបង្កើតបរិយាសឲ្យប្រជាពលរដ្ឋទទួលបានផលពីការអភិវឌ្ឍ ដូចជា ៖ ជាការខិតខំឲ្យកូនចៅប្រជាពលរដ្ឋមានឱកាសទទួលបានការអប់រំស្មើៗគ្នា ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញជាដើម៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ