ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ចំនួន៤ ត្រូវបានសម័យប្រជុំពេញអង្គ លើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុម័តផ្តល់សំឡេង ឯកភាពរួចរាល់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

លោក ម៉ម ប៊ុន នាង សមាជិកព្រឹទ្ធសភា និងជា អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងថា ក្រោយ សម័យប្រជុំពេញអង្គថា សេចក្តីព្រាងច្បាប់ ចំនួន៤ រួមមាន៖ ទី១-ព្រាងច្បាប់ ស្តីពី ការ  ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ ត្រូវបានអង្គសម័យ ប្រជុំផ្តល់យោបល់ឯកភាពដោយសំឡេង ចំនួន៥៨សំឡេង នៃអង្គសម័យប្រជុំទាំងមូល។

ទី២-សេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មត្រូវបាន អង្គសម័យប្រជុំផ្តល់យោបល់ឯកភាពដោយសំឡេង ចំនួន៥៨សំឡេង នៃអង្គសម័យប្រជុំ ទាំងមូល។

ទី៣-សេចក្តីព្រាងច្បាប់ ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ត្រូវបានអង្គសម័យប្រជុំផ្តល់យោបល់ឯកភាពដោយសំឡេង ចំនួន៥៨សំឡេង នៃអង្គ សម័យប្រជុំទាំងមូល។

និងទី៤-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រ កម្ពុជា ចូលជាភាគី នៃអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធន កម្មឆ្នាំ១៩៧៩ ត្រូវបានអង្គសម័យប្រជុំផ្តល់ យោបល់ឯកភាពដោយ សំឡេងចំនួន ៥៨សំឡេង នៃអង្គសម័យប្រជុំទាំងមូលដែលបានចូលរួម។

លោកបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង៤ខាងលើនេះ សុទ្ធ តែជាច្បាប់ដែលតាក់តែងឡើង ស្របតាមគតិច្បាប់ និងមានប្រយោជន៍ក្នុងការធានា ក្នុងការអនុវត្តផ្នែកច្បាប់សម្រាប់ សង្គមជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង៤នេះ ត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ អនុម័ត កាលពីថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ កន្លងមកនេះ មុននឹង បញ្ជូនមកសុំយោបល់ឯកភាពពីព្រឹទ្ធសភា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ