រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំឱ្យបង្កើនការចុះត្រួតពិនិត្យគុណភាពទំនិញ និងផលិតផលសុវត្ថិភាពចំណីអាហារ តាមទីផ្សារ
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យបង្កើនការចុះត្រួតពិនិត្យគុណភាពទំនិញ និងផលិតផលសុវត្ថិភាពចំណីអាហារ តាមទីផ្សារសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន ជាដើម។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ស្ថិតនៅក្រុងដូនកែវ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ដតាកែវ តែងផ្ដល់កិច្ចសហការល្អ និងគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ព្រមទាំងបានស្នើដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្រ្តីសាខា ក.ប.ប ខេត្ត បន្តដើរតួនាទីលើការជួយផ្សព្វផ្សាយ និងចែករំលែកអំពីព័ត៌មានទីផ្សារ ក្តាប់ និងតាមដានការវិវត្តន៍ នៃស្ថានភាពទីផ្សារ ការផ្តល់សេវាពាណិជ្ជកម្មនានា សម្រាប់ជួយគាំទ្រដល់វិស័យឯកជនឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ជាពិសេសត្រូវបង្កើនការចុះត្រួតពិនិត្យគុណភាពទំនិញ ផលិតផល សុវត្ថិភាពចំណីអាហារតាមទីផ្សារសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន និងការប្រកបអាជីវកម្មគ្រប់ប្រភេទ ដែលទទួលបានការអនុញ្ញាតរួចឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារកិត្តិនាមដ៍ល្អផូរផង់ របស់ប្រទេសជាតិយើង»។
លោករដ្ឋមន្ត្រី បន្តថា វិស័យពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិភាពគន្លឹះមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ កំណើនការងារ ការបែងចែកផ្លែផ្កាប្រកបដោយសមធម៌ និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លោករដ្ឋមន្ដ្រី បន្ថែមថា ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់, ការចុះបញ្ជីក្រមហ៊ុន-សហគ្រាស, ការកសាងច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា, ការកសាងបង្កើតម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពារកម្មសិទ្ធិបញ្ញា, ការរក្សាបាននូវស្ថេរភាពទីផ្សារ ស្ថេរភាពថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ជាដើម៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ