ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាឲ្យត្រួតពិនិត្យមន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ។
ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើសនិងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្ត សម្រាប់ខែកក្កដា ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងដាក់ចេញនូវគោលការណ៍ដឹកនាំបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រួមមាន ៖ បង្កើនការការអនុវត្តបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ ជាពិសេសពង្រឹងកាត់បន្ថយភាពអសកម្ម របស់មន្រ្តីនគរបាលចរាចរណ៍ នៅលើដងផ្លូវ បង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ។
លោក ស្នងការ បន្ដថា ត្រូវបង្កើនពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយត្រូវបំពេញភារកិច្ចដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់។
លើសពីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំបង្កើនអនុវត្តតាមវិធានការជំនាញ ស្រាវជ្រាវបង្ការទប់ស្កាត់ និងបទល្មើសព្រហ្មទណ្ឌ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ដូចជា ៖ បទល្មើសឆក់តាមផ្លូវសាធារណៈ និងបទល្មើសគាស់ផ្ទះយកទ្រព្យសម្បត្តិ និងបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តយកចិត្តទុកដាក់គ្រប់គ្រងតាមដានព័ត៌មានលើការងារសន្តិសុខ ផងដែរ៕