សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ ថាក់ ស៊ីនថា កុំឈ្លើយដាក់ សម្តេច ឲ្យសោះ ព្រោះអាថ៌កំបាំងស្ថិតក្នុងកណ្តាប់ដៃរបស់ សម្តេច ច្រើនណាស់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារផ្តាំទៅលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃថា កុំព្រហើនកោងកាចដាក់ សម្តេច ឲ្យសោះ ព្រោះអាថ៌កំបាំងរបស់អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ស្ថិតនៅក្នុងកណ្តាប់ដៃរបស់សម្តេចច្រើនណាស់ ។
ការលើកឡើងរបស់សម្តេចតេជោនេះ បន្ទាប់ពីលោក ថាក់ ស៊ីនបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌ថៃថា “លោក សោយស្តាយដែលបានសេពគប់ជាមួយមនុស្សខុស”។
ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោបានទម្លាយអាថ៌កំនបាំងរបស់លោក ថាក់ ស៊ីនមួយផ្នែកទៀតដែលបានលួចផ្តល់ឯកសារសំងាត់មកសម្តេចកាលពីអំឡុងពេលលោក អាប់ភីស៊ីត វីចារជីវ៉ាជានាយករដ្ឋមន្រ្តីថៃនាឆ្នាំ២០១០ ពាក់ព័ន្ធនឹងការផ្តល់ជំនួយជាថវិការបស់ថៃមកកម្ពុជា លើការកសាងផ្លូវជាតិលេខ៦៨នៅកម្ពុជាតាមបណ្តោយព្រំដែន ។ ប៉ុន្តែសម្តេចបានប្រកាសត្រឡប់ទៅវិញថា សម្តេចមិនទទួលយកលុយជាជំនួយក្នុងការកសាងផ្លូវនោះទេ ដោយសារបានទទួលព័ត៌មានថា លោក វិចារជីវ៉ានឹងបង្កក់លុយដើម្បីពន្យារពេលក្នុងការកសាងផ្លូវនេះ ។
សម្តេច ប្រធានព្រឹទ្ធសភា គូសបញ្ជាក់ទៀតថា ចំពោះឯកសារសំងាត់នេះ គឺសម្តេចទទួលបានពីលោក ថាក់ ស៊ីនលួចបញ្ជូនមកឲ្យសម្តេច។
សម្តេចតេជោ បន្តថា «ថាក់ ស៊ីនឯកបញ្ជូនឯកសាររបស់អាស៊ីត វិចារជីវ៉ា យកមកឲ្យខ្ញុំ ។ ថាក់ ស៊ីនឯងមានបទល្មើសទាក់ទងក្បត់ជាតិថៃខ្លួនឯង ។ ខ្ញុំមានឯកសារ ខ្ញុំអាចនិទាន៣ម៉ោងទៅ៤ម៉ោង ប្រសិនបើចង់ ។ ខ្ញុំគ្រាន់តែចង់ដាស់តឿនថាក់ ស៊ីននៅបាងកកទេ ខ្ញុំមិនទៅដាស់តឿនអ្នកណាគេទេ ប៉ុន្តែថាក់ ស៊ីនកុំឈ្លើយជាមួយខ្ញុំឲ្យសោះ»។
សម្តេចតេជោមានប្រសាសន៍ទៅកាន់ លោក ថាក់ ស៊ីនទៀតថា លោកមានវាសនាចូលស្រុកថៃ និងតំបន់អាស៊ីអាគ្នេយ៍វិញបានដោយសារសម្តេចជាអ្នកជួយជ្រោមជ្រែងទេ ។
សម្តេច ប្រធានព្រឹទ្ធសភាសង្ឃឹមថា សារក្រើនរំលឹកដល់លោក ថាក់ ស៊ីននេះ នឹងផ្អើលនៅទូទាំងទីក្រុងបាងកកជាក់ជាមិនខានឡើយ ៕