កំពង់ស្ពឺ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយការចុះពិនិត្យផ្ទាល់ មន្រ្តីក្រសួងបរិស្ថាន ដឹកនាំដោយ លោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានរកឃើញ ការបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់ បង្កឡើងដោយ រោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់រោងចក្រ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ដូចគ្នាថា ពិតជាមានក្លិនឈួលថ្នាំ ហើយម្តងម្កាលពិបាកទ្រាំ។ ពួកគាត់មានការព្រួយបារម្ភ ចំពោះការប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានេះ ក្រុមការងារបានរកឃើញថារោងចក្រ បានបើកដំណើការតាំងពី ដើមឆ្នាំ២០២៥ ដោយពុំមានលិខិតអនុញ្ញាតពាក់ព័ន្ធការគ្រប់គ្រងបរិស្ថាន ពីមន្ទីរ ឬក្រសួងបរិស្ថាន។ ការទុកដាក់វត្ថុធាតុដើម ផលិតផល និងសំណល់ មិនបានត្រឹមត្រូវ បង្កឱ្យមានក្លិនទៅក្នុងបរិស្ថានដោយផ្ទាល់។ លើសពីនេះ រោងចក្រខាងលើមិនបានរៀបចំប្រព័ន្ធបច្ចេកទេសបរិស្ថាន ដូចជាប្រព័ន្ធបឺតធូលី និងការបំពាក់ឧបករណ៍កាត់បន្ថយក្លិនកខ្វក់។ 

ប្រឈមនឹងបញ្ហានេះ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានអនុវត្តវិធានការមួយចំនួន៖

-អគារផលិកម្មត្រូវរៀបចំ ជាបន្ទប់ខណ្ឌឱ្យដាច់ពីរវាង ផ្នែកផលិតកម្ម ផ្នែកស្តុកវត្ថុធាតុដើម និងផលិតផលសម្រេច

-ត្រូវបំពាក់ប្រព័ន្ធបឺតខ្យល់ និងឧបករណ៍ស្ទាក់ចាប់ធូលី និងក្លិនឱ្យបានគ្រប់គ្រាន់នៅផ្នែកផលិតកម្ម

-ធូលីដែលបានបឺតចេញពីច្រវ៉ាក់ផលិតកម្ម ត្រូវបញ្ចូលទៅក្នុងស៊ីឡូត្រឹមត្រូវ

 -និងត្រូវស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន ពីមន្ទីរ ឬក្រសួងបរិស្ថាន ដើម្បីអនុវត្តបទដ្ឋានបរិស្ថានឱ្យបានត្រូវត្រូវ។ ក្រុមការងារនឹងបន្តពិនិត្យនិងតាមដានការអនុវត្តវិធានការ ស្របទៅតាមក្រមបរិស្ថាននិងធនធានធម្មជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ