ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ដើម្បីធ្វើយ៉ាងណាជួយសហការគ្នា ក្នុងការសម្រួលប្រជាពលរដ្ឋខ្មែរ ត្រឡប់មកពីថៃវិញ ទោះបីពួកគាត់ មាន ឬគ្មានឯកសារ គឺឱ្យគាត់ចូលទាំងអស់ ឱ្យតែជនជាតិខ្មែរ។

តាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែនមកកម្ពុជា។

លើសពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន និងភ្ជាប់ការងារជូនដល់ពលករដែលត្រឡប់មកវិញ។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា,អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ត្រៀមលក្ខណៈសម្បត្តិក្នុងការដឹកជញ្ជូនពលករដែលត្រឡប់មកវិញផងដែរ។

សូមបញ្ជាក់ថា ក្នុងកំលុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នានេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មកប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ